អ៊ីស្រាអែល និងក្រុមហាម៉ាស ត្រៀមដោះដូរចំណាប់ខ្មាំងក្រោយការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា
រដ្ឋាភិបាលអ៊ីស្រាអែលបានផ្តល់សច្ចាប័នលើបទឈប់បាញ់ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសនៅព្រឹកថ្ងៃសុក្រនេះ ដោយបើកផ្លូវដើម្បីផ្អាកអរិភាពនៅតំបន់ហ្កាហ្សាក្នុងរយៈពេល២៤ ម៉ោង និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សាក្នុងរយៈពេល៧២ ម៉ោងបន្ទាប់។
គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានយល់ព្រមលើកិច្ចព្រមព្រៀងនៅថ្ងៃសុក្រនេះ ប្រហែល២៤ ម៉ោងបន្ទាប់ពីក្រុមអ្នកសម្របសម្រួលបានប្រកាសកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនក្នុងដំណាក់កាលដំបូងនៃគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ចប់សង្រ្គាមពីរឆ្នាំនៅហ្កាហ្សា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បាននិយាយលើបណ្ដាញសង្គម X ជាភាសាអង់គ្លេសរបស់លោក ថា រដ្ឋាភិបាលទើបតែបានអនុម័តក្របខ័ណ្ឌសម្រាប់ការដោះលែងចំណាប់ខ្មាំងទាំងអស់ ទាំងអ្នកនៅមានជីវិត និងអ្នកស្លាប់ ។
សង្រ្គាមនេះបានធ្វើឱ្យមានភាពឯកោជាអន្តរជាតិសម្រាប់អ៊ីស្រាអែលកាន់តែខ្លាំង និងបានធ្វើឱ្យមជ្ឈិមបូព៌ាច្របូកច្របល់ ដោយបានវិវត្តទៅជាជម្លោះក្នុងតំបន់ ដែលបានអូសទាញនៅក្នុងប្រទេសអ៊ីរ៉ង់ យេម៉ែន និងលីបង់។ជម្លោះនោះក៏បានសាកល្បងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរ ដោយលោក Trump ហាក់ដូចជាបាត់បង់ការអត់ធ្មត់ជាមួយលោក Netanyahu ហើយបានជំរុញឱ្យលោកឈានដល់កិច្ចព្រមព្រៀងមួយនេះ។ ទាំងពលរដ្ឋអ៊ីស្រាអែល ទាំងពលរដ្ឋប៉ាឡេស្ទីន បានរីករាយដូចគ្នា បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានប្រកាស ជាជំហានដ៏ធំបំផុតដើម្បីបញ្ចប់សង្រ្គាមរយៈពេលពីរឆ្នាំ ដែលជនជាតិប៉ាឡេស្ទីនជាង៦៧.០០០នាក់ ត្រូវបានសម្លាប់ ហើយប្រគល់ចំណាប់ខ្មាំងចុងក្រោយដែលក្រុមហាម៉ាសចាប់ខ្លួន នៅក្នុងការវាយប្រហារដ៏សាហាវដែលជាដើមចមនៃសង្គ្រាមនេះ៕