ទីម័រឡេស្តេ ត្រូវបានប្រកាសចូលជាសមាជិកទី១១ របស់អាស៊ានជាផ្លូវការ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
(ម៉ាឡេស៉ី)៖ ប្រទេសទីម័រឡេស្តេ ត្រូវបានប្រកាសបញ្ចូលជាសមាជិកអាស៊ានទី១១ ជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នាទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
មុនពេលប្រកាសជាផ្លូវការនេះ គ្រប់មេដឹកនាំប្រទេសនៃបណ្តាសមាជិកអាស៊ានទាំង១០ រួមទាំងប្រទេសទីម័រឡេស្តេខ្លួនឯងផ្ទាល់ បានចុះហត្ថលេខាលើឯកសារទទួលស្គាល់ជាផ្លូវការ ឱ្យទីម័រឡេស្តេ ចូលជាសមាជិកទី១១របស់អាស៊ាន។
សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក រួមមាន ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដែលជាប្អូនពៅគេ ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។
អាស៊ាន បានត្រៀមរៀបចំ ទទួលប្រទេសទីម័រឡេស្តេ ដើម្បីក្លាយជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន ហើយឈ្មោះឥស្សរជន នយោបាយមួយរូប ត្រូវបានគេរំលេច សម្រាប់ការចងចាំជាប្រវត្តិសាស្ត្រនោះ គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។
កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់សម្តេចតេជោ ជាមួយនឹងចក្ខុវិស័យរយៈពេលវែង និងភាពមោះមុតប្តេជ្ញាចិត្តផ្នែកការទូត គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការជួយប្រទេសទីម័រឡេស្តេ ដើម្បីការសម្រេចបាននូវមហិច្ឆតាដ៏យូរអង្វែងរបស់ខ្លួន ក្នុងការចូលជារដ្ឋនៃសមាជិកទី១១ របស់អាស៊ាន៕



