ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពទឹកក្នុងអាងនៃតំបន់គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ

នៅថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោងដែលទទួលហិរញប្បទានពីសាធារណរដ្ឋកូរ៉េ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយយមានជ័យ ព្រមទាំងទីប្រឹក្សាគម្រោង និងអ្នកម៉ៅការសាងសង់ ចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចុះពិនិត្យជាក់ស្តែងការងារមួយចំនួនបន្ទាប់ពីបានផ្អាកការសាងសង់នៅផ្នែកខ្លះនៃគម្រោងមួយរយៈនារដូវវស្សាកន្លងទៅ និងបានចុះពិនិត្យស្ថានភាពទឹកក្នុងអាងវ៉ាងហែងបន្ទាប់ពីទម្លាក់ទ្វារតម្កល់ទឹកទុកប្រើប្រាស់នារដូវប្រាំងខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ទីប្រឹក្សាគម្រោង អ្នកម៉ៅការសាងសង់ និងមន្តី្រពាក់ព័ន្ធនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជាពិសេសមន្រ្តីបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួង ត្រូវបន្តយកចិត្តទុកដាក់តាមដានការងារបច្ចេកទេសឱ្យបានហ្មត់ចត់ ស្របតាមបទដ្ឋានបច្ចេកទេសដែលមានចែងក្នុងកិច្ចសន្យាសាងសង់ និងបញ្ចប់ការងារសាងសង់តាមកម្មវិធីគ្រោងទុក។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានក្រើនរម្លឹកដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រង និងបែងចែកទឹកប្រើប្រាស់លើគ្រប់វិស័យ នៅតាមបណ្តាប្រភពទឹកនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕

You might also like