ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការគាំទ្ររបស់អាម៉េរិក ក្នុងការជួយដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ ឈានទៅការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ

ទីក្រុងគូឡាឡាំពួ៖ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការ ទទួលបន្ទុកនយោបាយ នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការគាំទ្ររបស់សហរដ្ឋអាម៉េរិក ក្នុងការជួយដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ ឈានទៅការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ដោយហេតុថាសន្តិភាពគឺជាទ្រព្យដ៏ដែលមានតម្លៃបំផុត និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យ។

នៅឆ្នាំ២០២៥នេះ ជាខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាម៉េរិក ខណៈដែលកម្ពុជាកំពុងដើរតួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក ជាមួយគ្នានឹងកិច្ចព្រមព្រៀងសន្តិភាពដែលទើបទទួលបាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៃទំនាក់ទំនង និងភាពជាដៃគូរវាងប្រទេសទាំងពីរ ៕

You might also like