កីឡាគុនដាវ បង្កើតប្រវត្តិសាស្ដ្រថ្មី ឈ្នះមេដាយកម្រិតទ្វីបលើកដំបូង នៅម៉ាឡេស៊ី
(ភ្នំពេញ)៖ ក្រុមកីឡាការិនីគុនដាវកម្ពុជា បានសាងភាពភ្ញាក់ផ្អើល ជាមួយការបង្កើតប្រវត្តិសាស្ដ្រថ្មី ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាដាវកាប នៅក្នុងការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ។
ព្រឹត្តិការណ៍នេះ មានអត្តពលិកចំនួន ១៩១នាក់ មកពី ១៦ប្រទេស នៃទ្វីបអាស៊ី និងអូសេអានីចូលរួម ខណៈសហព័ន្ធកីឡាគុនដាវកម្ពុជា ដោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ជូនកីឡាការិនី ៤រូបចូលរួមការប្រកួតនេះដែរ រួមមានកីឡាការិនី ប៉ែន ណារីតា, សុវណ្ណ សានដ្រា និងបងប្អូនត្រកូល ជ័រ គឺ ជ័រ សិរីមរកត និង ជ័រ សិរីម៉ូនិត្ដា។
ក្រុមកីឡាការិនីកម្ពុជា បានប្រកួតលើវិញ្ញាសានារីដាវកាប់ ស្របតាមការកំណត់បទបញ្ជាការប្រកួតផ្លូវការរបស់សហព័ន្ធកីឡាគុនដាវអន្ដរជាតិ ពោលគឺមានភាពតឹងរឹង ទាំងការប្រកួត លក្ខខណ្ឌ និងសម្ភារ ពិសេសវិញ្ញាសានេះ ក៏មានបណ្ដាប្រទេសខ្លាំងៗ កម្រិតអូឡាំពិចូលរួមផងដែរ ជាក់ស្ដែងក្រុមកីឡាការិនីហុងកុង ដែលទើបឈ្នះមេដាយមាសអូឡាំពិកប៉ារីស ឆ្នាំ២០២៤។
ជាលទ្ធផលក្រុមកីឡាការិនីកម្ពុជា ដែលមានកីឡាការិនី ប៉ែន ណារីតា រួមជាមួយ ជ័រ សិរីមរកត និងប្អូនស្រី ជ័រ សិរីម៉ូនិត្ដា គឺបានទទួលមេដាយសំរឹទ្ធ ស្ទួនជាមួយក្រុមកីឡាការិនីហ្វីលីពីន គ្រាដែលហុងកុង ទទួលបានមេដាយមាស និងក្រុមកីឡាការិនីហ្គាហ្សាស្ថាន ទទួលបានមេដាយប្រាក់។ នេះគឺជាលើកទី១ ហើយ ដែលកីឡាគុនដាវកម្ពុជា ទទួលបានមេដាយកម្រិតទ្វីប ក្រោកខកខានចូលរួមការប្រកួតនេះអស់ជាច្រើនឆ្នាំកន្លងមក៕



