ក្រៅពីរួមចំណែកសាងប្រវត្តិសាស្ដ្រជូនជាតិ ថ្នាលគុនខ្មែរ ក៏បានបទពិសោធន៍ដ៏ល្អ ត្រៀមការប្រកួតអន្ដរជាតិធំៗបន្ដបន្ទាប់ទៀត

(ភ្នំពេញ)៖ ប្រតិភូ គ្រូបង្វឹក និងអត្តពលិកថ្នាលប្រដាល់គុនខ្មែរ បានត្រឡប់មកដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ដោយនាំមកជាមួយនូវមេដាយ ៣គ្រឿង (ប្រាក់ ២ និងសំរឹទ្ធ១) ដែលបានរួមចំណែកសាងប្រវត្តិសាស្ដ្រជូនជាតិ ជាមួយការដណ្ដើមបានមេដាយជាបន្ដបន្ទាប់លើកដំបូង ក្នុងប្រវត្តិចូលរួមព្រឹត្តិការណ៍កីឡាយុវជនប្រចាំទ្វីបនេះ។
ក្នុងឱកាសទទួលដំណើរមកដល់មាតុភូមិរបស់ក្រុមកីឡាគុនខ្មែរ នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ កាលពីល្ងាចថ្ងៃទី២៨ ខែតុលាកន្លងទៅ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញសេចក្ដីសមនស្សរីករាយ និងមានមោទនភាពជាខ្លាំង ចំពោះខិតខំ រហូតដណ្ដើមបានសមិទ្ធផលដ៏អស្ចារ្យនៃកីឡាករ-កីឡាការិនីវ័យក្មេងរបស់ខ្លួន។ លើសពីនេះ សហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនីផ្ទាល់ ក៏បានបទពិសោធន៍ល្អៗ ដើម្បីត្រៀមការប្រកួតក្រោយៗទៀតផងដែរ។
លោកថា នេះជាលើកដំបូងហើយ ដែលគុនខ្មែរ បានចូលរួមប្រកួតកីឡាយុវជនអាស៊ី ក្នុងប្រវត្តិកម្ពុជា ចូលរួម ៣លើកកន្លងមក ហើយទោះពុំទទួលបានមេដាយមាស តែការឈ្នះមេដាយប្រាក់ និងសំរឹទ្ធ គឺជាសមិទ្ធផលដ៏អស្ចារ្យ និងមានមោទនភាពបំផុត ដ្បិតកីឡាករ-កីឡាការិនី បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង តតាំងជាមួយកីឡាករ-កីឡាការិនីខ្លាំងៗក្នុងទ្វីប និងជាប្រទេសមានការអភិវឌ្ឍន៍ផ្នែកកីឡាប្រយុទ្ធ ទម្រាំទទួលបានមេដាយជូនជាតិ។
មិនតែប៉ុណ្ណោះ ការចូលរួមនេះ ក៏បានផ្ដល់នូវមេរៀន និងបទពិសោធន៍ជាច្រើន ពាក់ព័ន្ធនឹងការត្រៀមលក្ខណៈចូលរួមការប្រកួតអន្ដរជាតិធំៗជាលក្ខណៈហ្គេម ដូចជាកីឡាយុវជនអាស៊ីហ្គេមនេះជាដើម ។ កីឡាករ-កីឡាការិនីម្នាក់ៗ បានឆ្លងកាត់នូវឧបសគ្គ និងទម្លាប់រស់នៅ ទាំងពេលវេលា អាកាសធាតុ ការហូបចុក ជាមួយការធ្វើគីឡូ(ថែរក្សាទម្ងន់) និងប្រកួតរៀងរាល់ថ្ងៃ ។ ដូច្នេះប្រសិនបើមានការប្រកួតលើកក្រោយទៀត លោកជឿថា គុនខ្មែរនឹងធ្វើបានកាន់តែល្អប្រសើរ។
គួរដឹងថា ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន គ្រោងនឹងបិទបញ្ចប់នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។ ព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនអត្តពលិក ១៤ប្រភេទកីឡាចូលរួម ខណៈបច្ចុប្បន្នមានកីឡាមួយចំនួនធំបានបញ្ចប់ ហើយកម្ពុជា ក៏បានសាងប្រវត្តិសាស្ដ្រឈ្នះមេដាយលើកដំបូង ចំនួន ៤គ្រឿងបណ្ដោះអាសន្នផងដែរ ក្នុងនោះមេដាយប្រាក់ ២ និងសំរឹទ្ធ ១ ដណ្ដើមបានដោយអត្តពលិកថ្នាលគុនខ្មែរ និងមេដាយសំរឹទ្ធ ១គ្រឿងទៀត រកបានដោយកីឡាករបញ្ចស៊ីឡាត់ ភុក ដានីញែល៕

You might also like