ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្ត្រីរាជការចំណុះរដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន ១៤២នាក់

នៅថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោងបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការចំណុះរដ្ឋបាលស្រុកស្ទោង ចំនួន ១៤២នាក់។
ថ្លែងក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោងជូនចំពោះមន្ត្រីរាជការចំណុះរដ្ឋបាលស្រុកទាំងអស់ និងបានចូលរួមអបអរសាទរដល់មន្ត្រីទាំង១៤២រូប ដែលទទួលបានការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ការបំពាក់មេដាយនាពេលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំ ចំពោះមន្ត្រីដែលមានស្នាដៃល្អ ក្នុងការបំពេញការងារ ស្របតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាលនេះ គឺពិតជាស័ក្តិសមបំផុត ដែលមន្ត្រីយើងបានយកអស់នូវកម្លាំងកាយចិត្ត និងស្មារតីគ្រប់បែបយ៉ាង ក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ ឆ្លើយតបការផ្តល់សេវាតាមមុខជំនាញរបស់ខ្លួន ប្រកបដោយវិជ្ជាជីវ: និងការទទួលខុសត្រូវខ្ពស់៕

You might also like