អ្នកភូមិព្រៃចាន់រំពឹងថា ព្រំដែននឹងវិលត្រឡប់ទៅប្រក្រតីភាពឡើងវិញ ដើម្បីប្រករបរចិញ្ចឹមជីវិត ខណៈសព្វថ្ងៃរស់ពឹកផ្អែកទៅលើតែជំនួយ
បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ បានបង្ហាញក្តីរំពឹងថា ស្ថានភាពនៅព្រំដែននឹងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ដើម្បីមានឱកាសប្រកបមុខរបរចិញ្ចឹមជីវិត ខណៈសព្វថ្ងៃពួកគាត់រស់បានពឹកផ្អែកទៅលើតែជំនួយមនុស្សធម៌ពីសប្បុរសជននានា។
នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ បានលើកឡើងថា ថ្ងៃនេះស្ថានភាពនៅភូមិរបស់គាត់មាន លក្ខណៈធម្មតា ប៉ុន្តែទោះបីជាយ៉ាងណាពួកគាត់នៅតែចង់ឲ្យស្ថានភាពដូចដើមឡើងវិញ ស្របទៅតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅកាលពីកន្លងទៅនេះ។
ក្រោយពីមានសេចក្តីថ្លែងការណ៍រួមស្តីពី សន្តិភាពទីក្រុងកូឡាឡាំពួររវាងកម្ពុជា និងថៃ ដែលមាននាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិកធ្វើជាសាក្សីនោះ បងប្អូនប្រជា ពលរដ្ឋរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្ហាញក្តីរំពឹង យ៉ាងខ្លាំងថា សន្តិភាពនៅភូមិរបស់ពួកគាត់ ក៏ដូចជានៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និង ថៃនឹងវិលទៅរកភាពដើមវិញឆាប់ៗនេះ ហើយមួយវិញទៀតពួកគាត់ក៏បានរស់នៅស្រុកស្រួល លែងភ័យខ្លាចបន្តទៀតផងដែរ៕



