លោក ស៊ី ប្រាប់លោក ត្រាំ ថា អាមេរិកនិងចិនគួរធ្វើជាដៃគូនិងមិត្ត ហើយរួមគ្នាមានការទទួលខុសត្រូវ ក្នុងនាមជាកំពូលមហាអំណាច
(ប៊ូសាន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុឱកាសជួបមុខគ្នាជាមួយសមភាគីអាមេរិក គឺលោក ដូណាល់ ត្រាំ បានលើកឡើងថា ស្របពេលដែលប្រទេសទាំងពីរ ជារឿយៗមិនចុះសម្រុងនឹងគ្នាក៏ដោយ ពួកគេគួរតែខិតខំព្យាយាមកសាងទំនាក់ទំនងឱ្យក្លាយទៅជាដៃគូនិងមិត្ត ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥។
ស្របពេលជំនួបកំពូលទ្វេភាគី ចាប់ផ្តើមប្រព្រឹត្តទៅនៅទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង លោកប្រធានាធិបតីចិន បាននិយាយថា «ចិននិងសហរដ្ឋអាមេរិក អាចប្រកៀកស្មាគ្នាមានការទទួលខុសត្រូវ ក្នុងនាមជាប្រទេសកំពូលមហាអំណាច ហើយធ្វើការជាមួយគ្នា ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលរឹងមាំអស្ចារ្យផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់ប្រទេសយើងទាំងពីរ ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល»។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាលើកដំបូងបំផុតរវាងមេដឹកនាំទាំងពីរ គិតចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំនេះ។ វាត្រូវបានគេរំពឹងថា នឹងផ្តោតជាចម្បងលើការដោះស្រាយបញ្ហាវិវាទពាណិជ្ជកម្ម រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ របស់ពិភពលោក៕






