សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើដល់សហគមន៍អន្តរជាតិចូលរួមលើកទឹកចិត្ត និងតាមដានឱ្យបានដិតដល់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើដល់សហគមន៍អន្តរជាតិចូលរួមលើកទឹកចិត្ត និងតាមដានឱ្យបានដិតដល់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលទើបនឹងចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។ ការអំពាវនាវនេះបានធ្វើឡើងក្នុងបទអន្តរាគមន៍គន្លឹះនៃកិច្ចពិភាក្សាតុមូលក្នុងវេទិកាសន្តិភាពប៉ារីស (Paris Peace Forum) ដោយសម្ដេច បានគូសបញ្ជាក់ថា ទោះបីកិច្ចព្រមព្រៀងនេះជាការបោះជំហានដ៏សំខាន់ដើម្បីស្ដារសន្តិភាពយូរអង្វែងក៏ពិតមែន ប៉ុន្តែ ដំណើរការនេះហាក់ស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយមួយ។ ក្នុងន័យនេះ សម្តេច បានអំពាវនាវដល់សហគមន៍អន្តរជាតិចូលរួមតាមដានឱ្យបានជាប់លាប់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ។
នៅក្នុងកិច្ចពិភាក្សាតុមូលមួយ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី» ដែលមានការចូលរួមពីសមាជិកស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ អ្នកការទូត និងអ្នកស្រាវជ្រាវ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំសម្របសម្រួល និងការធ្វើជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។
សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តចំពោះគោលការណ៍ សន្តិសហវិជ្ជមាន គឺភាពជាអ្នកជិតខាងល្អជាមួយប្រទេសថៃ និងរក្សាមជ្ឈភាពអាស៊ាន។ កម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមស៊ីវិលអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ ដូចនេះកម្ពុជាបានផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព។ កម្ពុជា ឆ្អែតឆ្អន់ហើយនឹងសង្គ្រាមក្នុងអតីតកាលរបស់ខ្លួន។ ដូច្នេះហើយទើបមិនចង់មានសង្គ្រាមជាមួយប្រទេសថៃ ឬប្រទេសណាទាំងអស់។ គោលបំណង និងគោលការណ៍នៃគោលនយោបាយការបរទេសរបស់កម្ពុជា គឺជានិច្ចកាលមានសង្គតិភាព ហើយស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យ៉ាងច្បាស់នូវជំហរ មិនចូលបក្សសម្ព័ន្ធ និងឯករាជ្យ ។

You might also like