ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យមើលទំនប់ជញ្ជាំងការពារទឹករលក ប្រព័ន្ធការពារច្រាំងឆ្នេរសមុទ្រ និងតំបន់អេកូឡូស៊ីព្រៃកោងកាង នៅតំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាម

នៅថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ចុះទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ និងពិនិត្យមើលទំនប់ជញ្ជាំងការពារទឹករលក ប្រព័ន្ធការពារច្រាំងឆ្នេរសមុទ្រ និងតំបន់អេកូឡូស៊ីព្រៃកោងកាង ដែលរៀបចំដោយធនាគារពិភពលោក នៅតំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារគម្រោងបានផ្លាស់ប្តូរចំណះដឹង ចែករំលែកបទពិសោធន៍ និងចុះពិនិត្យស្វែងយល់អំពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរសមុទ្រ ដែលមានភាពធន់ និងសមត្ថភាពបន្សាំខ្លួននឹងការប្រែប្រួលអាកាសធាតុ រួមមាន៖ (១)តំបន់ដីវាលភក់ ដែលមានប្រព័ន្ធការពារច្រាំងឆ្នេរសមុទ្រអេកូឡូស៊ី ដោយប្រើប្រាស់របងឫស្សីរាងអក្សរ T (២)តំបន់ទំនប់សសរពីរជួរ ដែលជាជញ្ជាំងការពារទឹករលកបុកច្រាំងឆ្នេរសមុទ្រ និង(៣)តំបន់អភិវឌ្ឍន៍ទេសចរណ៍អេកូឡូស៊ីគំរូ ដែលទាក់ទងនឹងការអភិរក្សព្រៃកោងកាង ការប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធបៃតង/ប្រផេះចម្រុះ សម្រាប់ជារនាំងការពារតំបន់ឆ្នេរសមុទ្រ៕

You might also like