សម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទ ៧នាក់ ក្នុងសំណុំរឿងពាក់ព័ន្ធការនាំចូល និងផ្គត់ផ្គង់សម្ភារបច្ចេកវិទ្យា និងឧបករណ៍ទូរគមនាគមន៍បម្រើដល់ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ភ្នំពេញ)៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះ លោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នលើជនត្រូវចោទចំនួន ៧នាក់ ក្នុងសំណុំរឿងពាក់ព័ន្ធការនាំចូល និងផ្គត់ផ្គង់សម្ភារបច្ចេកវិទ្យា និងឧបករណ៍ទូរគមនាគមន៍បម្រើដល់ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជនទាំង៧នាក់នេះ រួមមាន៖ ឈ្មោះ LIANG XINGHUO ភេទប្រុស ជនជាតិចិន, ឈ្មោះ HAN ZHI CHANG ភេទប្រុស ជនជាតិចិន, ឈ្មោះ LU LANG ភេទប្រុស ជនជាតិចិន, ឈ្មោះ សុខ សុភ័ក្រ ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ ខ្លូត សាច់ ភេទប្រុស ជនជាតិខ្មែរ, ឈ្មោះ រុំ កក្កដា ភេទប្រុស ជនជាតិខ្មែរ និងឈ្មោះ ឈាវ ស្រ៊ុនសុភ័ត្រា ភេទប្រុស ជនជាតិខ្មែរ។ ពួកគេ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស, សមគំនិតក្នុងអំពើឆបោក, បញ្ចូល លុបបំបាត់ ឬកែប្រែ ដោយទុច្ចរិតនូវទិន្នន័យ, ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬការកែប្រែ ហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញទូរគមនាគមន៍ ឬគ្រឿងសម្ភារៈបរិក្ខារទូរគមនាគន៍ ដើម្បីបង្កការផ្ដាច់ ឬការរំខាន ឬការជ្រៀតជ្រែកលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទូរគមនាគមន៍ ឬបង្កការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ, ការផលិត ការនាំចូលដើម្បីធ្វើអាជីវកម្ម ការលក់ឧបករណ៍ល្បែងស៊ីសងគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងសម្អាតប្រាក់។
សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមប្រតិបត្តិការជំនាញ ដោយមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបទីតាំងនាំចូល និងផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា និងឧបករណ៍ទូរគមនាគមន៍ បម្រើដល់ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ស្ថិតនៅផ្ទះលេខ N៤២ ផ្លូវបេតុង ក្រុម១៤ ភូមិ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៣នាក់ (ម្នាក់ជាមេក្លោង) និងជនជាតិខ្មែរចំនួន ៤នាក់ ព្រមទាំងបានដកហូតនូវសម្ភារបច្ចេកវិទ្យា និងឧបករណ៍ទូរគមនាគមន៍ជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។
សម្ភារបច្ចេកវិទ្យា និងឧបករណ៍ទូរគមនាគមន៍ជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលដកហូតរួមមាន៖ ទូរស័ព្ទចំនួន ២,៣២៣គ្រឿង, ឧបករណ៍ Starlink ចំនួន ១២គ្រឿង, LCD ចំនួន ៤៨គ្រឿង, កុំព្យូទ័រ ALL IN ONE ចំនួន ៤៤៧គ្រឿង, Case CPU ចំនួន ១៤៧ គ្រឿង, Monitor ចំនួន ២៣៩គ្រឿង, ឧបករណ៍សាកថ្មច្រើនទូរស័ព្ទ ចំនួន ៣៤៣គ្រឿង, ដុំ WIFI ចំនួន ៨៩គ្រឿង, ស៊ីមកាតបរទេស (អាមេរិក, តួកគី, ថៃ, វៀតណាម, ម៉ាឡេស៊ី, ម៉ិចស៊ីកូ, អេស្ប៉ាញ, អ៊ីតាលី) និងស៊ីមកាតប្រទេសកម្ពុជា (SEATEL, Smart, Cellcard, Metfone) សរុបចំនួន ១៨.៩៥០ កាត ។ល។
ក្រោយពេលប្រតិបត្តិការ មន្ត្រីនគរបាលយុត្តិធម៌បានកសាងសំណុំរឿង និងបញ្ជូនជនល្មើសទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវីធី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមក្រើនរំលឹកដល់ជនដែលបាននាំចូល និងផ្គត់ផ្គង់ដោយខុសច្បាប់នូវសម្ភារៈបច្ចេកវិទ្យា និងឧបករណ៍ទូរគមនាគមន៍បម្រើដល់ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ពុំនោះទេសមត្ថកិច្ចនឹងចាត់វិធានបង្ក្រាបទៅតាមច្បាប់៕



