ផ្លូវជាតិលេខ៩២ ដែលជាផ្លូវក្រវាត់ព្រំដែនដ៏សំខាន់ត្រូវបានជួសជុលរួចរាល់ ១០០%

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ថា បន្ទាប់ពីអាកាសធាតុអំណោយផលគ្មានភ្លៀងអស់រយៈពេល ៧ថ្ងៃកន្លងមកនេះ ក្រុមការងារថែទាំផ្លូវនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ចប់ទាំងស្រុង ១០០% នូវការងារជួសជុល និងកែលម្អកំណាត់ផ្លូវជាតិលេខ៩២ ដែលជាផ្លូវក្រវាត់ព្រំដែនដ៏សំខាន់។
លោក សំ លាងទ្រី បន្ថែមថា កំណាត់ផ្លូវនេះមានប្រវែង ៩២,២ គីឡូម៉ែត្រ តភ្ជាប់ពីព្រំប្រទល់ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ឆ្លងកាត់ឃុំកំពង់ស្រឡៅ១ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ក្បែរព្រំដែនខ្មែរ-ឡាវ ទៅកាន់តំបន់បន្ទាយស្រមោច ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក សំ លាងទ្រី បន្តថា សកម្មភាពជួសជុលរួមមាន ការថែមដីល្បាយថ្ម ការកៀរសម្រួល ការស្រោចទឹក ការកិនបង្ហាប់ ដែលការងារនេះមានគោលបំណងធានានូវភាពរលូន និងសុវត្ថិភាពសម្រាប់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋឡើងវិញ បន្ទាប់ពីផ្លូវនេះបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងកន្លងទៅ ដែលបានធ្វើឱ្យការធ្វើដំណើរមានការលំបាកខ្លាំងនៅតាមកន្លែងមួយចំនួន។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអំពាវនាវដ៏ទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវជាតិលេខ៩២ ទាំងអស់ សូមមេត្តាចូលរួមថែរក្សាផ្លូវសាធារណៈនេះឱ្យបានគង់វង្សយូរអង្វែង ព្រោះផ្លូវជាសម្បត្តិរួម និងសូមគោរពច្បាប់ចរាចរណ៍ ពេលធ្វើដំណើរលើផ្លូវថ្មីដែលល្អស្អាតនេះ។ សូមកុំចាក់ដីខ្ពស់ជាងផ្លូវ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។ សូមកុំចាក់ដីលុបលូ ឬលុបប្រឡាយបង្ហូរទឹក ដែលជាហេតុបង្កឱ្យមានការស្ទះ និងជន់លិចធ្វើឱ្យផ្លូវឆាប់ខូចខាតឡើងវិញ។ សូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដើម្បីរក្សាគុណភាព និងអាយុជីវិតរបស់ផ្លូវជាតិ។ ការចូលរួមរបស់អ្នកទាំងអស់គ្នា គឺជាកត្តាកំណត់ក្នុងការធានាថា ផ្លូវជាតិលេខ៩២ នឹងបម្រើប្រយោជន៍ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋបានយូរអង្វែង៕

You might also like