អ្នកផលិតមាតិកាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសខេត្តតាកែវ ចេញសុំទោសចំពោះកំហុសឆ្គងរបស់ខ្លួន, ក្រសួងព័ត៌មានបានអប់រំណែនាំរួចហើយ
(ភ្នំពេញ)៖ អ្នកផលិតមាតិកាមួយរូប ឈ្មោះ «បញ្ញា-Panha» ដែលបានផលិតវីដេអូបែបកំប្លែង និងចម្អកទៅដល់អ្នកខេត្តតាកែវ បានចេញមកសុំទោសដល់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ចំពោះកំហុសឆ្គងរបស់ខ្លួន។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត ភក្ត្រា បានបញ្ជាក់ផងដែរថា ក្រសួងព័ត៌មានបានអប់រំណែនាំអ្នកផលិតមាតិការូបនោះរួចរាល់ហើយ។
លោករដ្ឋមន្ត្រីបានបង្ហោះលើ Facebook ផ្លូវការថា «អ្នកផលិតមាតិកាម្នាក់ ត្រូវបានក្រសួងព័ត៌មានអប់រំណែនាំរួចហើយ ក្រោយផលិតមាតិកាមិនសមរម្យ ប្រាស់ចាកក្រមសីលធម៌ទាក់ទងខេត្តតាកែវ។ សូមអ្នកផលិតមាតិកាប្រកាន់ខ្ជាប់ក្រមសីលធម៌»។
សូមជម្រាបថា ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានប្រតិកម្មចំពោះអ្នកផលិតមាតិកាមួយរូប ឈ្មោះ «បញ្ញា-Panha» ដែលបានផលិតវីដេអូបែបកំប្លែង និងចម្អកទៅដល់អ្នកខេត្តតាកែវ ដែលពួកគាត់ចាត់ទុកថា ការបង្កើតមាតិកាបែបនេះ នាំឱ្យមានការស្អប់ខ្ពើម និងការរើសអើង។
អ្នកបង្កើតមាតិការូបនេះ បានផលិតវីដេអូដើរសួយុវជនថា «ខេត្តណាសាហាវព្រែផ្សៃជាងគេ» ដោយពួកគេឆ្លើយថាខេត្តតាកែវ៕






