គ្រោះថ្នាក់ចរាចរណ៍ លើផ្លូវល្បឿនលឿន បណ្តាលឲ្យរបួសធ្ងន់ ២នាក់ ជនបរទេសម្នាក់
ខេត្តកំពង់ស្ពឺ ៖ នៅលេីកំណាត់ផ្លូវល្បឿនលឿន នៅត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់រថយន្តបុកពីក្រោយ រថយន្ត នៅវេលាយប់ថៃ្ងទី២ ខែ វិច្ឆិកា ឆ្នាំ២០២៥ ។
តាមការបញ្ជាក់ពីកំលាំងនគរបាលលេីផ្លូវល្បឿនលឿននិងផ្នែកចរាចរណ៍ស្រុកភ្នំស្រួចឲ្យដឹងថា រថយន្ត១គ្រឿង ម៉ាកALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CF-9670 បេីកបរដោយឈ្មោះ ឡន សំបុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ និងអ្នករួមដំណេីរ១នាក់ ឈ្មោះ SHIN JI IN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិកូរ៉េខាងត្បូងកាន់លិខិតឆ្លងដែនលេខ GK2233243 ស្នាក់នៅរាជធានីភ្នំពេញ បើកបរពីទិសខាងលិចទៅទិសខាងកេីត(ព្រះសីហនុ-ភ្នំពេញ)។
ប្រភពព័ត៌មានបានបញ្ជាក់ថា លុះដល់ចំណុចនេះ បានបុកពីក្រោយរថយន្ត១ គ្រឿង ម៉ាកFUSO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3C-2527 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-2195 អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចចេញពីកន្លែងកេីតហេតុ) ដែលកំពុងបេីកបរស្របទិសគ្នា បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈរបួសធ្ងន់ទាំង២នាក់ ដែលមានឈ្មោះ ឡន សំបុន និង SHIN JI IN ត្រូវបានកំលាំងមានសមត្ថកិច្ចនិងបានហៅរថយន្តសង្គ្រោះ មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ជួយអន្ដរាគមន៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។
ចំពោះវត្ថុតាងមធ្យោបាយរថយន្តទាំង២គ្រឿង កំលាំងនគរបាលចរារចរណ៍នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានបញ្ជូនមករក្សាទុករង់ចាំអនុវត្ដតាមនីតិវិធី៕






