លោក Trump នៅតែស្ទាក់ស្ទើរលើការបញ្ចូនមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ឱ្យអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ (២ វិច្ឆិកា) ថា សម្រាប់ពេលនេះ លោកមិនកំពុងពិចារណាលើកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យអ៊ុយក្រែន ទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk សម្រាប់ប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ីនោះទេ។ ការអត្ថាធិប្បាយចុងក្រោយបង្អស់របស់ប្រធានាធិបតីរូបនេះ បានបង្ហាញថា លោកនៅតែមានភាពស្ទាក់ស្ទើរ។
មកទល់ពេលនេះ លោក Trump មានភាពត្រជាក់ស្រេបចំពោះផែនការដែលថា សហរដ្ឋអាមេរិក លក់មីស៊ីល Tomahawk ទៅឱ្យប្រទេសណាតូ រួចហើយក៏នឹងផ្ទេរសព្វាវុធទាំងនេះទៅឱ្យអ៊ុយក្រែន ដោយនិយាយថា លោកមិនចង់ធ្វើឱ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើងនោះទេ។
នៅពេលត្រូវអ្នកសារព័ត៌មានសាកសួរថា តើលោកកំពុងពិចារណាលើកិច្ចព្រមព្រៀងលក់មីស៊ីលនេះឬយ៉ាងណា លោក Trump បានឆ្លើយប្រាប់ “ទេ មិនមែននោះទេ”។ យ៉ាងណាមិញ លោកក៏បានផ្ដល់ក្ដីសង្ឃឹមបន្តិចបន្តួចថា “លោកអាចប្តូរចិត្តបានគ្រប់ពេល”។
លោក Trump និងប្រធានអង្គការណាតូ លោក Mark Rutte បានពិភាក្សាគំនិត Tomahawk នេះ ក្នុងជំនួបសេតវិមានកាលពីថ្ងៃទី២២ ខែតុលា។ លោក Rutte បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍មុនថា បញ្ហានេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ ហើយគ្រប់យ៉ាងអាស្រ័យលើអាមេរិក ជាអ្នកសម្រេច។
គួរឱ្យដឹងថា មីស៊ីល Tomahawk មានរយៈចម្ងាយដល់ទៅ ២.៥០០គីឡូម៉ែត្រ ដែលឆ្ងាយល្មមអាចបាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងដែរ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានទទូចសុំមីស៊ីលនេះយូរមកហើយ ប៉ុន្តែវិមានក្រឹមឡាំង បានព្រមានប្រឆាំងនឹងការផ្តល់ Tomahawk ណាមួយដល់អ៊ុយក្រែន៕

You might also like