លោក ត្រាំ ៖ លោក ស៊ី ជីនពីង ធានាថានឹងមិនធ្វើអ្វីតៃវ៉ាន់ឡើយ ដរាបណាលោកកាន់តំណែងជាប្រធានាធិបតីអាមេរិក
(AP) ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានធានាចំពោះរូបលោកថាទីក្រុងប៉េកាំងនឹងមិនធ្វើសកម្មភាពឆ្ពោះទៅរកគោលដៅយូរអង្វែងរបស់ខ្លួន នៃការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ឡើយ អំឡុងរូបលោកកាន់តំណែងជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
តាមលោក ត្រាំ បញ្ហាតៃវ៉ាន់មិនត្រូវបានលើកឡើងនៅក្នុងជំនួបរបស់លោកជាមួយលោក ស៊ី ជីនពីងនៅកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននោះទេ។ ពោលគឺកិច្ចប្រជុំផ្តោតជាសំខាន់លើភាពតានតឹង ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ ប៉ុន្តែ លោក ត្រាំ បានបង្ហាញការជឿជាក់ថាចិននឹងមិនធ្វើសកម្មភាពអ្វីប្រឆាំងតៃវ៉ាន់ទេ ដរាបណារូបលោកនៅកាន់តំណែងជាប្រធានាធិបតីអាមេរិក។
នៅក្នុងសម្រង់សម្ដីនៃបទសម្ភាសន៍ជាមួយកម្មវិធី 60 Minutes របស់ទូរទស្សន៍ CBS លោក ត្រាំ បានអះអាងថា «លោក ស៊ី ជីនពីង បានប្រាប់រូបលោកថាយើងនឹងធ្វើអ្វីទេ ដរាបណាលោកប្រធានាធិបតី ត្រាំ នៅតែកាន់តំណែងជាប្រធានាធិបតី»។ លោក ត្រាំបន្តថាចិនមិនហ៊ានធ្វើអ្វីលើតៃវ៉ាន់ ក្នុងពេលលោកនៅកាន់អំណាច ពីព្រោះប៉េកាំងដឹងយ៉ាងច្បាស់ពីផលវិបាក។
គួរបញ្ជាក់ថា ខាងសេតវិមានមិនបានផ្ដល់ព័ត៌មានលម្អិតថាតើតាំងពីពេលណាដែលលោក ស៊ី ជីនពីង ឬក៏ក្រុមមន្ត្រីចិន បានប្រាប់លោក ត្រាំថាសកម្មភាពយោធាប្រឆាំងតៃវ៉ាន់ នឹងមិនកើតឡើងឡើយអំឡុង លោក ត្រាំ នៅកាន់អំណាចនោះទេ។ រីឯប៉េកាំងក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរ៕



