ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក អញ្ជើញដឹកនាំក្រុមការងារចូលរួមដាក់តាំងបង្ហាញសមិទ្ធផលរបស់ក្រសួង ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ

នៅថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចូលរួមដាក់តាំងបង្ហាញសមិទ្ធផលរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សូមជម្រាបថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ គឺក្នុងគោលបំណង៖ ១)បង្កើតជាវេទិកាជំនួបដ៏ធំរវាងអ្នកស្វែងរកការងារ និយោជក និងអ្នកផ្ដល់ការអប់រំបណ្ដុះបណ្តាល ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្ដុះបណ្តាល និងប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ។ ២)បង្កើនការយល់ដឹង បណ្ដុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ ដើម្បីជំរុញឱ្យអ្នកចូលរួមមើលឃើញខ្លួនឯងជាផ្នែកមួយដ៏សំខាន់នៃកម្លាំងពលកម្មដែលកំពុងជំរុញផលិតភាព និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈកិច្ចពិភាក្សាស្ដីពីការចែករំលែកបទពិសោធន៍ដោយវាគ្មិនជំនាញក្នុងវិស័យការងារ និងបច្ចេកវិទ្យា និង ៣)បង្កើតជាវេទិកាតភ្ជាប់បណ្តាញទំនាក់ទំនងក្នុងចំណោមសហគ្រាស ក្រុមហ៊ុន រោងចក្រ អ្នកផ្ដល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារ សិស្ស និស្សិត និងក្រសួងស្ថាប័នដែលចូលរួមពិព័រណ៍។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ២០២៥នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រ គ្រឹះស្ថានអប់រំបណ្ដុះបណ្តាល អង្គការជាតិ អន្តរជាតិ និងក្រសួងស្ថាប័នចំនួន ១៥០ ចូលរួមដាក់តាំងបង្ហាញសមិទ្ធផល និងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ៣ម៉ឺនកន្លែង ដោយមានការសម្ភាសន៍ជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅហ្នឹងកន្លែង និងការដាក់ពាក្យរកការងារតាមប្រព័ន្ធអនឡាញ៕

You might also like