អ្នកជំនាញ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា-អាមេរិក នឹងបង្កើនទំនាក់ទំនងប្រទេសទាំងពីរកាន់តែខ្លាំងជាងមុន

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច មើលឃើញថា ក្រោយកម្ពុជា និងអាមេរិកបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មពន្ធបដិការជាមួយគ្នាកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម កាទូត ឬឈានដល់ទំនាក់ទំនងផ្នែកយោធា រវាងប្រទេសទាំងពីរអាចនឹងមានសន្ទុះងើបឡើងវិញរឹតតែខ្លាំង ជាពិសេសការនាំចេញនាំចូលទំនិញសក្ដានុពលបានបន្ទាប់អត្រាពន្ធបដិការសូន្យភាគរយរវាងប្រទេសទាំងពីរ។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានមើឃើញថា តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកកាលពីពេលថ្មីៗនេះកម្ពុជាបានទម្លាក់អត្រានាំចូលទំនិញអាមេរិករហូតដល់សូន្យភាគរយលើមុខទំនិញមួយចំនួនដូចជាកសិកម្ម ឧស្សាហកម្ម និងចំណីអាហារជាដើម, ប៉ុន្ដែជាមួយគ្នានេះ អាមេរិកក៏បានទម្លាក់អត្រាពន្ធបដិការរហូតដល់សូន្យភាគរយដល់កម្ពុជាវិញផងដែរ មានដូចជា ប្រភេទទំនិញ លើផលិតផលវាយនភណ្ឌ ដែលមានវត្ថុធាតុដើមនៅកម្ពុជា (Organic) ក្រណាត់សេរីរាង្គ, ឬក្រណាត់កាតុង, ក្រណាត់សូត្រ និងក្រណាត់បែបប្រពៃណី, បន្ទះសូឡា ឬបន្ទះពន្លឺព្រះអាទិត្យ, ទំនិញកសិកម្មសិរីរាង្គ, គ្រឿងសង្ហារិមធ្វើអំពីឈើ និងទំនិញប្រភេទគ្រឿងវិចខ្ចប់ឬក្រដាស ដែលអាចរលាយទៅវិញបាន។
ចំណែក ឯកឧត្តមបណ្ឌិត សោ សុន្ទរ៍ធារី អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាសាស្រ្ដាចារ្យជំនាញសេដ្ឋកិច្ច បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកមានតាំងពីទសវត្សរ៍ឆ្នាំ១៩៥០ ទាំងទំនាក់ទំនងកាទូត និងពាណិជ្ជកម្ម, ហើយទំនាក់ទំនងប្រទេសទាំងពីរបានឈានដល់ដំណាក់កាលថ្មីមួយក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ពិសេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗរវាងប្រទេសទាំងពីរ យើងមានសុទិដ្ឋិនិយម និងសង្ឃឹមលើការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងកាទូតបន្ថែមទៀតរវាងប្រទេសទាំងពីរ។
សូមជម្រាបថា មកដល់ពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក កំពុងបន្តមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ, ជាក់ស្ដែងរយៈពេល ៩ខែឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក កើនឡើងរហូតទៅដល់ ៨.៣ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានរហូតទៅដល់ ៧.៩ ពាន់លានដុល្លារ ចំណែកអាមេរិកនាំចូលមកកម្ពុជាវិញមានប្រមាណ ៤០០ លានដុល្លារ, ចំនួននេះបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកមានការកើនឡើង ៥.១ ភាគរយ៕

You might also like