ពលរដ្ឋមានជីវភាពខ្វះខាត ៥៩៨គ្រួសារ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្រុកស្រីស្នំ ខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជន នៅសហរដ្ឋអាមេរិក
(សៀមរាប)៖ ព្រះសង្ឃខេត្តសៀមរាប ដឹកនាំដោយព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្តសៀមរាប នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននិមន្តសួរសុខទុក្ខ នឹងចែកស្បៀងអាហារជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥៩៨គ្រួសារ ស្ថិតនៅវត្តជ្រោយនាងងួន និងឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ព្រមទាំងនៅវត្តបាត់ថ្កៅ ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។
ដែលអំណោយទាំងនេះជាអំណោយរបស់សប្បុរសជននៅសហរដ្ឋអាមេរិក តាមរយៈសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភាសង្ឃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប។
ព្រះបវរវិជ្ជា ទេព ភឿន មានថេរៈដីកាថា ព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គម ហើយអ្វីដែលព្រះសង្ឃអាចជួយបាន គឺនៅពេលដែលមើលឃើញអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ជាទុក្ខលំបាករបស់ព្រះសង្ឃដែរ ពីព្រោះព្រះសង្ឃរស់នៅបាន គឺអាស្រ័យនឹងពុទ្ធបរិស័ទផងដែរ។
ព្រះបវរវិជ្ជា សង្ឃដីកាបន្តថា អំណោយដែលបានធ្វើការប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គ្រាន់តែជាចំណែកតូចមួយជួយរំលែកការលំបាកមួយគ្រាៗតែប៉ុណ្ណោះ មិនអាចឆ្លើយតបតាមសេចក្តីខ្វះខាតរបស់បងប្អូនឡើយ។
ដួច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋនៅផ្ទះ សូមធ្វើការដាំបន្លែបង្កាគ្រប់មុខក្នុងដីរបស់ខ្លួនបន្ថែមទៀត ដើម្បីកុំឱ្យមានការខ្វះខាតហូបចុក ព្រោះថាបន្លែបង្កាដែលយើងបានដាំ គឺអាចជួយសម្រាលជីវភាពបាន ហើយសំខាន់ បើចង់រួចផុតពីសេចក្តីទុក្ខ គឺត្រូវខំប្រឹងព្យាយាម និងកែខៃមុខរបរអាជីវកម្មឱ្យស្របតាមសមត្ថភាពរបស់ខ្លួន។
ព្រះបវរវិជ្ជា សង្ឃដីកាបន្ថែមថា កន្លងមកនេះ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម តែងតែបាននិមន្តចុះសួរសុខទុក្ខដល់ញាតិញោម ដែលជួបការលំបាកជាច្រើន ទាំងប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋភៀសសឹកកន្លងមកផងដែរ៕






