កូរ៉េខាងត្បូង៖ កន្លែងផលិតនាវានៅអាមេរិកដែលលោក ត្រាំ បានប្រកាស គឺ «មិនមានសមត្ថភាពសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ» នោះទេ

(សេអ៊ូល)៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក គីម មីនស៊ុក (Kim Min-seok) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កន្លែងផលិតនាវា Philly Shipyard នៅសហរដ្ឋអាមេរិក ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង បច្ចុប្បន្នមិនមានសមត្ថភាពក្នុងការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គមកាលពីសប្តាហ៍មុនថា លោកបានផ្តល់ការយល់ព្រមឱ្យកូរ៉េខាងត្បូងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយថាវានឹងត្រូវបានសាងសង់នៅឯកន្លែងផលិតនាវានៅទីក្រុង Philadelphia សហរដ្ឋអាមេរិក។ ការបង្ហោះរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង បានស្នើសុំឱ្យលោក អនុញ្ញាតឱ្យប្រទេសរបស់ខ្លួនទទួលបានឥន្ធនៈសម្រាប់នាវាមុជទឹកនុយក្លេអ៊ែរ។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក អាន គ្យូប៊ែក (Ahn Gyu-back) បានថ្លែងនៅក្នុងសវនាការសភាមួយកាលពីថ្ងៃពុធថា វាជាការ «សមហេតុផល» ជាងក្នុងការសាងសង់នាវាមុជទឹកទាំងនោះនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតែកម្រិតជំនាញខ្ពស់របស់ប្រទេសនេះក្នុងវិស័យផលិតនាវា។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហិចសេត បានបញ្ជាក់កាលពីថ្ងៃអង្គារថា រដ្ឋបាលលោក ត្រាំ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញតាមការប្តេជ្ញាចិត្តរបស់លោក ត្រាំ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង គឺជាមជ្ឈមណ្ឌលនៃក្រុមហ៊ុនផលិតនាវាឈានមុខគេរបស់ពិភពលោកមួយ ដែលក្នុងនោះរួមមានក្រុមហ៊ុន Hanwha Ocean ដែលជាម្ចាស់ក្រុមហ៊ុន Philly Shipyard នោះតែម្តង។ ក្រុមហ៊ុន Hanwha Ocean បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះឡើយ៕

You might also like