រុស្ស៉ីអះអាងថា កងកម្លាំងខ្លួនកំពុងរុលទៅមុខក្នុងទីក្រុង Pokrovsk តាមរយៈការប្រយុទ្ធគ្នាពីផ្ទះមួយទៅផ្ទះមួយ
(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួនបានរុលទៅមុខនៅក្នុងទីក្រុងប៉ូក្រូវស្ក៍ (Pokrovsk) របស់អ៊ុយក្រែន ហើយកំពុងធ្វើការប្រយុទ្ធគ្នាពីផ្ទះមួយទៅផ្ទះមួយ ក្នុងគោលបំណងបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីទីក្រុងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ទីក្រុងមូស្គូបានបញ្ជាក់ថា ការដណ្តើមបានទីក្រុងប៉ូក្រូវស្ក៍ ដែលប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីហៅថាជា «ទ្វារឆ្ពោះទៅកាន់» តំបន់ដូណែតស្ក៍ (Donetsk) នឹងផ្តល់ឱ្យខ្លួននូវមូលដ្ឋានមួយដើម្បីរុលទៅភាគខាងជើង ឆ្ពោះទៅកាន់ទីក្រុងធំៗចំនួនពីរទៀតដែលនៅតែកាន់កាប់ដោយអ៊ុយក្រែន គឺក្រុងក្រាម៉ាតុស (Kramatorsk) និង ស្លូវីយ៉ាន់ស្ក៍ (Sloviansk)។ ក្រសួងការពារជាតិរុស្ស៉ីបានអះអាងថា ខ្លួនដណ្តើមបានអគារចំនួន ៦៤ ក្នុងទីក្រុងនេះក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។
ភាគីទីក្រុងកៀវបានទទួលស្គាល់ថា ស្ថានការណ៍នៅប៉ូក្រូវស្ក៍បានក្លាយជាលំបាកក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ុន្តែបានអះអាងថាទាហានរបស់ខ្លួននៅតែបន្តប្រយុទ្ធ ហើយបានបដិសេធថាពួកគេត្រូវបានហ៊ុមព័ទ្ធ។
គួរបញ្ជាក់ថា រុស្ស៉ីចង់កាន់កាប់តំបន់ដុនបាស់ទាំងមូល ដែលក្នុងនោះអ៊ុយក្រែននៅតែកាន់កាប់ប្រហែល ១០%។ យោងតាមអ្នកវិភាគ លោក Michael Kofman ការបាត់បង់ទីក្រុងប៉ូក្រូវស្ក៍ នឹងបើកផ្លូវឱ្យរុស្ស៉ីពង្រីកអ័ក្សវាយលុករបស់ខ្លួននៅក្នុងតំបន់ដូណែតស្ក៍ ប៉ុន្តែវានឹងមិនធ្វើឱ្យទីក្រុងធំៗផ្សេងទៀតត្រូវបានដណ្តើមយកយ៉ាងឆាប់រហ័សនោះទេ៕






