ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបសម្តែងការគួរសមជាមួយសមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជូននូវវត្ថុអនុស្សាវរីយ៍សម្លៀកបំពាក់ប្រពៃណីច្នៃអំពី «សំពត់ហូលខ្មែរ»
(វ៉ាស៊ីងតុន ឌីស៊ី)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និងឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Beth Van Duyne សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិក (Rep. for Texas’s 24th Congressional District) និងជាសមាជិកនៃគណៈកម្មាធិការចំនួនពីរគឺ គណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយ និងគណៈកម្មាធិការអាជីវកម្មធុនតូច នៃរដ្ឋសភាសហរដ្ឋអាម៉េរិក។
ជំនួបនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងស្វែងរកការគាំទ្រពីសភាអាម៉េរិកសម្រាប់ការវិនិយោគពីអាម៉េរិក លើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងការកាត់បន្ថយរបាំងពាណិជ្ជកម្មនានា។ តាមរយៈជំនួបនេះដែរ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីសមាជិកសភាតំណាងរាស្ត្រ បានពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែម ក្នុងស្មារតីបន្តពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ។



