ក្រសួងបរិស្ថាន ប្រគល់ជូនធុងសំរាមជាង១ពាន់ធុង ដល់រដ្ឋបាលខេត្តកោះកុង

ក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រគល់ជូនធុងសំរាមជាង១ពាន់ធុង ដល់រដ្ឋបាលខេត្តកោះកុង ដើម្បីចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម។
ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលអញ្ជើញចូលរួមជាអធិបតី និងបាន ប្រគល់ធុងសំរាមជានិមិត្តរូបជូនទៅរដ្ឋបាលខេត្តកោះកុងបានឲ្យដឹងថា ការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន ដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ និងម្យ៉ាងទៀត ក៏ជាការប្រមូលផ្តុំសំរាមដែលមានតម្លៃសេដ្ឋកិច្ចអាចលក់បាន។

លោក ហាក់ ឡេង អភិបាលរងអភិបាលខេត្តកោះកុង បានថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានប្រគល់សម្ភារគ្រប់គ្រងសំរាម សំណល់រឹង រួមមានធុងសំរាមនាថ្ងៃនេះ ជូនរដ្ឋបាលខេត្តដើម្បីបង្កើនភាពស្អាត និងអនាម័យ មិនគ្រាន់តែទាក់ទាញទេសចរណ៍មកទស្សនាខេត្ត ដែលសម្បូរដោយតំបន់ទេសចរណ៍ ទេសភាព ទីតាំងវប្បធម៌ ប្រវត្តិសាស្រ្ត សមុទ្រ និងធនធានធម្មជាតិ ដ៏ស្រស់ស្អាត ប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់សាភ័ណភាព និងលើកកម្ពស់សុខភាពរស់នៅរបស់ប្រជាជន ការទាក់ការវិនិយោគ បង្កើនជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានរៀបចំឡើងអនុលោមទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលបានគូសបញ្ជាក់ពីបេសកកម្ម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នាប្រជាពលរដ្ឋទូទៅ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព៕

You might also like