នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនមុខសញ្ញា៤នាក់ ករណីជួញដូរគ្រឿងញៀន

បាត់ដំបង៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៣០នាទី នៅចំណុចភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ១-ឈ្មោះ ប៊ុត វុទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និង២-ឈ្មោះ ហឿន ប៊ុនឈាម ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ៤៨,២៩ក្រាម, ទូរស័ព្ទដៃចំនួន ០២គ្រឿង, សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទៀត វេលាម៉ោង១៨:៣០នាទី នៅថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ១-ឈ្មោះ ស្រ៊ុង សាវឿន ហៅ ឆាង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និង២-ឈ្មោះ មឿង ចាន់ណា ហៅ ប៊ុនណា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ៩,៦៨ក្រាម, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ថង់ប្លាស្ទិកតូចពណ៌សថ្លា និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើម្នាក់ឈ្មោះ ហឿន ប៊ុនឈាម មានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ០២ដីកា៖ ១.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៨៥ត.ព្រ/២៤ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ពីបទ ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្រុមទី០៥ ភូមិនិគមក្នុង ឃុំជ្រោយស្មៅ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ របស់លោក/លោកស្រី ហៃ ណៃហេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូង ខេត្តបាត់ដំបង។ ២.ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១០៥ត.ព្រ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ របស់លោក/លោកស្រី ហេង ផល្លា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

You might also like