ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ ត្រូវបានបង្កើតឡើង ដែលនឹងក្លាយជាច្រកទ្វារដ៏សំខាន់សម្រាប់ធុរកិច្ចរវាងកម្ពុជា-នូវ៉ែលហ្សេឡង់
(នូវ៉ែលហ្សេឡង់)៖ កម្មវិធីបោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ អាណត្តិទី១ លើកទី១ ត្រូវបានរៀបចណឡើង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ជឺនបូរាណ ច័ន្ទបុរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងក្រុមហ៊ុនសហគ្រាសជាច្រើន។
ការបោះឆ្នោត និងការបង្កើតការិយាល័យតំណាងជាផ្លូវការនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងការពង្រឹងចំណងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសនូវ៉ែលហ្សេឡង់ ក៏ដូចជាការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ជាលទ្ធផលនៃការបោះឆ្នោត លោក ឃួយ ម៉ៃខល បានទទួលការគាំទ្រធ្វើជាប្រធាន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់អាណត្តិទី១ លើកទី១។
ការិយាល័យតំណាងនៅទីក្រុងអូក្លិននេះ នឹងក្លាយជាច្រកទ្វារដ៏សំខាន់សម្រាប់ធុរកិច្ច នៅក្នុងប្រទេសទាំងពីរ ជាពិសេសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងការទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់។
ការិយាល័យតំណាងថ្មីនេះ នឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយ ទីភ្នាក់ងារពាណិជ្ជកម្ម និងសហគ្រាសនូវ៉ែលហ្សេឡង់សភាពាណិជ្ជកម្មនូវ៉ែលហ្សេឡង់ សហគមន៍ធុរកិច្ចនៅទីក្រុងអូក្លិន ដើម្បី ជំរុញសេដ្ឋកិច្ច និងផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ៕






