ភាគកណ្តាលថៃលិចធ្ងន់, អ្នកខ្លះដេកតាមចិញ្ចើមផ្លូវ ឯប្រាសាទបុរាណនៅអយុធ្យា លិចជម្រៅ១ម៉ែត្រ
ខេត្តភាគកណ្តាលប្រទេសថៃជាពិសេស Ang Thong កំពុងលិចលង់ធ្ងន់ធ្ងរ ដោយប្រជាពលរដ្ឋត្រូវរងទុក្ខវេទនា ចំណែកនៅអយុធ្យាឯណោះ ប្រាសាទបុរាណ Choeng Tha ដែលសាងសង់ក្នុងសម័យអាយុធ្យា និងត្រូវបានចុះបញ្ជីជាទីតាំងបុរាណវិទ្យា កំពុងលិចជម្រៅមួយម៉ែត្រទៅហើយ។
តាមការផ្សាយរបស់ Thai PBS កាលពីថ្ងៃសៅរ៍ទី៨ខែវិច្ឆិកាឆ្នាំ២០២៥, ដោយសារទំនប់ចៅប្រាយ៉ាទម្លាយទឹកក្នុងកម្រិតខ្ពស់បំផុត ប្រជាពលរដ្ឋក្នុងស្រុក Pa Moke នៃខេត្ត Ang Thong បាននាំគ្នាដាក់បាវខ្សាច់និងលើកទំនប់ទប់ទឹក អ្នកខ្លះត្រូវដេកតាមចិញ្ចើមផ្លូវ អ្នកខ្លះជាប់លើដំបូលផ្ទះស្រែកសុំជំនួយ និងខ្លះកំពុងខឹងសម្បាចំពោះរដ្ឋាភិបាលដែលគ្មានវិធានការរំដោះទឹកនិងជួយដល់ពួកគេ។
នៅអយុធ្យា ទឹកជំនន់បានជន់លិចស្រុកចំនួន១០ ប៉ះពាល់ដល់មនុស្សជាង ៥៧ ៤០០គ្រួសារ បំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នង និងលិចលង់ដីស្រែចម្ការរាប់ម៉ឺនហិកតា។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពនឹងមិនធូរស្រាលឆាប់ៗទេ ព្រោះការបញ្ចេញទឹក ២ ៧០០ម៉ែត្រគូបពីទំនប់ចៅប្រាយ៉ា នឹងធ្វើឲ្យខេត្តភាគកណ្តាលនៅជាប់ដងទន្លេ ចៅប្រាយ៉ា និងទន្លេ ណយ ជួបគ្រោះធំជាបន្តទៀត៕






