គណៈប្រតិភូរដ្ឋសភា អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី៧២ ទិវាឯករាជ្យជាតិ
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលរួមដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កានៅមុខមណ្ឌបព្រះបរមរូប ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅមណ្ឌបព្រះបរមរូបសួនច្បារខាងកើតវិមានឯករាជ្យ មុនមួយថ្ងៃនៃទិវាឯករាជ្យជាតិ៩វិច្ឆិកា ឆ្នាំ២០២៥ ។
នៅក្នុងឱកាសនេះដែរថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភាទាំងអស់ ចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យដ៏ឧត្តុង្គឧត្តម នៃព្រះបរមរតនកោដ្ឋ និងតែងតែអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា នៅព្រះបរមរូបរបស់ព្រះបរមរតនកោដ្ឋ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ព្រឹកស្អែកនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងសមាជិក សមាជិកា នៃរដ្ឋសភា និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងអញ្ជើញចូលរួមដង្ហែ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងប្រទានភ្លើងជ័យ អបអរសាទរទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ដែលជាខួបលើកទី៧២ នៃទិវាឯករាជ្យជាតិ នៅមុខព្រះបរមរាជវាំង និងនៅវិមានឯករាជ្យ៕



