បំបែកសំណុំរឿងចោរប្លន់ស្ត្រីជនជាតិវៀតណាមម្នាក់ នៅក្រុងស្ទឹងត្រែង, ជនសង្ស័យ៥នាក់ ត្រូវបានចាប់ខ្លួន
(ស្ទឹងត្រែង)៖ ស្ដ្រីជនជាតិវៀតណាមម្នាក់ ត្រូវចោរមួយក្រុមស្ទាក់ប្លន់យកទ្រព្យសម្បត្តិ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងភូមិសាស្ដ្រក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្រោយកើតហេតុភ្លាម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុត ដល់លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឲ្យធ្វើការស្រាវជ្រាវបំបែកសំណុំរឿងនេះ។
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានឲ្យដឹងនៅថ្ងៃទី៩ ខែវិច្ឆិកានេះថា ជាលទ្ធផលកម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា បានប្រើប្រាស់រយៈពេល១២ម៉ោង ក្នុងការស្រាវជ្រាវ ឈានទៅបង្ក្រាបបានទាំងស្រុង ព្រមទាំងពន្លាតបន្ថែម បាន ១ករណីទៀត ក្រោមការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ កំពុងស្ថិតក្រោមការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោក សរ សុពុត្រា បានបញ្ជាក់ថា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមថ្លែងនូវការកោតសរសើរ ចំពោះស្នងការ ស្នងការរង អធិការក្រុង និងកម្លាំងប្រតិបត្តិការទាំងអស់ ដែលបានអនុវត្តបទបញ្ជា ប្រកបដោយការទទួលខុសត្រូវ ការខិតខំប្រឹងប្រែងរបស់បងប្អូន គឺជាសេចក្តីសុខរបស់ប្រជាជន សូមបន្តស្មារតីនេះឲ្យខ្លាំងក្លាបន្ថែមទៀត ដើម្បីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របស់ខេត្ត។
យោងរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើនោះ ស្ត្រីឈ្មោះ ផាម ធីង វៀង បានជិះម៉ូតូចេញពីផ្ទះនៅភូមិភ្នំធាតុ សង្កាត់/ក្រុងស្ទឹងត្រែង ទៅផ្សារអូរឬស្សី ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ដើម្បីទៅលក់ត្រីងៀត លុះមកដល់រង្វង់មូលព្រះបាទជ័វវរ្ម័ន ក៏ស្រាប់តែឃើញក្មេងស្ទាវ ១ក្រុមមានគ្នា ៣នាក់ ជិះម៉ូតូ ១គ្រឿង ឃើញដូច្នេះស្ត្រី ផាម ធីង្វៀង ក៏បានបន្តដំណើរ រហូតមកដល់ផ្លូវបំបែក សាលាបឋមសិក្សាស្ទឹងត្រែងក្រុង ក៏ស្រាប់តែក្មេងស្ទាវទាំង៣នាក់ បានជិះម៉ូតូតាមពីក្រោយយ៉ាងលឿន ហើយពួកវាបានធាក់ម៉ូតូគាត់ បណ្តាលឲ្យដួលផ្កាប់មុខលើថ្នល់។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ខណៈនោះក្រុមក្មេងស្ទាវ ក៏បានស្រវាយកកាបូបលុយពណ៌ប្រផេះ ក្នុងកាបូបមានលុយខ្មែរ ៤លានរៀល ខ្សែដៃផ្លាកទីន ១ខ្សែ មានតម្លៃជាង ២លានរៀល ជញ្ជៀនផ្លាកទីន ១វង់ តម្លៃ ៨៥ម៉ឺនរៀល សោរទូដែក សោរផ្ទះ ១ចង្កោម សំបុត្រទិញមាស ទូរស័ព្ទអាហ្វូន ១គ្រឿង រួចពួកវាក៏ជិះម៉ូតូទៅទិសខាងកើតបាត់។ សកម្មភាពលួចមានស្ថានទម្ងន់ទោស (ប្លន់) ដែលបង្កដោយក្រុមស្ទាវ ៥នាក់ ម៉ូតូ ២គ្រឿង ១គ្រឿងម៉ាងហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០២៦ ពាក់ស្លាកលេខ 1D-7480 ជារបស់ឈ្មោះ និន ចរណៃ និង ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1I-4499 របស់ឈ្មោះ សំ កុសល ម៉ូតូនេះបានខ្ចីពីឈ្មោះ ស៊ុន ថាណា ហៅ មករា ដោយមិនប្រាប់ថាយកទៅណានោះទេ។
ដោយឡែក អ្នកដែលធាក់ស្ត្រីរងគ្រោះធ្លាក់ពីលើម៉ូតូដួលផ្កាប់មុខ គឺ ឈ្មោះ សំ កុសល ក្រោយពេលធ្វើសកម្មភាពរួច ពួកគេបាននាំគ្នាទៅពួនសំងំនៅក្នុង KV ក្បែរវត្តហាងខូបាន ចំពោះលុយដែលឆក់បាន ឈ្មោះ សំ កុសល ជាអ្នកទុកដាក់។
ក្រោយទទួលបានបទបញ្ជាពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង និងទទួលបានពាក្យបណ្តឹងពីឈ្មោះ ផាម ធីង្វៀង នោះភ្លាម ជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការរិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បើកការស៊ើបអង្កេត បានកំណត់មុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនជនសង្ស័យ ៥នាក់។
ខណៈនេះជនសង្ស័យក្នុងអំពើប្លន់ទាំង៥នាក់ រួមទាំងវត្ថុតាងទាំងអស់ដែលសមត្ថកិច្ចដកហូតបានកំពុងស្ថិតក្រោមការរក្សាទុក សាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង ចាត់ការតាមនីតិវិធីច្បាប់។
នៅក្នុងប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនក្រុមចោរប្លន់ទាំង៥នាក់នោះ កម្លាំងនគរបាលខេត្ត បានបំបែកសំណុំរឿង ១ករណីផ្សេងទៀត ដោយឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន ៧នាក់ ដកហូតម៉ូតូ២គ្រឿង និងថ្នាំញៀនមួយចំនួន បញ្ជូនទៅតុលាការខេត្តផងដែរ៕






