ព្យុះទីហ្វុងថ្មីFung-wong សម្លាប់មនុស្ស២នាក់ និងបង្ខំឱ្យមនុស្សជាង១លាននាក់ ជម្លៀសចេញពីលំនៅឋាននៅហ្វីលីពីន
ក្រុមមន្ត្រីនិយាយថា ព្យុះទីហ្វុង Fung-wong បានវាយប្រហារឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសហ្វីលីពីនមុនពេលបោកបក់ដល់ដីគោកកាលពីថ្ងៃអាទិត្យ ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ពីរនាក់ស្លាប់ និងបង្ខំឱ្យមនុស្សជាងមួយលាននាក់ជម្លៀសចេញពីតំបន់នានា ដែលមានហានិភ័យនៃទឹកជំនន់ដ៏គំហុក បំណាក់ដី និងរលកធំៗ។
ក្រុមអ្នកព្យាករណ៍អាកាសធាតុបាននិយាយថា ព្យុះទីហ្វុងនេះអាចគ្របដណ្តប់លើពីរភាគបីនៃប្រជុំកោះអាស៊ីអាគ្នេយ៍ ដោយមានភ្លៀងធ្លាក់ទំហំដ៏ធំល្វឹងល្វើយក្នុងបរិវេណ ១.១១៨ ម៉ាយ។ ព្យុះបានបោកបក់ពីមហាសមុទ្រប៉ាស៊ីហ្វិក ខណៈប្រទេសហ្វីលីពីននៅតែកំពុងដោះស្រាយជាមួយនឹងការបំផ្លិចបំផ្លាញបង្កឡើងដោយព្យុះទីហ្វុង Kalmaegi ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២៤ នាក់ក្នុងខេត្តនានាភាគកណ្តាលកាលពីថ្ងៃអង្គារសប្ដាហ៍មុន មុនពេលវាយប្រហារប្រទេសវៀតណាមដែលបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់។
ក្រុមមន្ត្រីបាននិយាយថា អ្នកភូមិម្នាក់បានលង់ទឹកស្លាប់ក្នុងទឹកជំនន់ដ៏គំហុកនៅខេត្ត Catanduanes ភាគខាងកើត និងម្នាក់ទៀតបានស្លាប់នៅទីក្រុង Catbalogan របស់ខេត្ត Samar ភាគខាងកើត នៅពេលស្ត្រីរូបនោះ ត្រូវបានកម្ទេចកម្ទីគ្របសង្កត់។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសារតែការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយបង្កឡើងដោយព្យុះទីហ្វុង Kalmaegi និងគ្រោះមហន្តរាយដែលរំពឹងទុកពីព្យុះដ៏មានឥទ្ធិពល Fung-wong ដែលត្រូវបានគេហៅឈ្មោះថាព្យុះ Uwan នៅក្នុងប្រទេសហ្វីលីពីន៕



