ការលុបចោលប្រចាំថ្ងៃរបស់អាកាសចរណ៍អាមេរិក ឡើងលើស ២ពាន់ជើង ជាលើកដំបូង អំឡុងពេលបិទរដ្ឋាភិបាល

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានលុបចោលជើងហោះហើរប្រចាំថ្ងៃលើសពី ២.១០០ជើង កាលពីថ្ងៃអាទិត្យ (៩ វិច្ឆិកា) ជាលើកដំបូងបំផុត ក្នុងអំឡុងពេលការកាត់បន្ថយជើងហោះហើរដោយសារការបិទរដ្ឋាភិបាល ដែលចាប់ផ្ដើមតាំងតែពីថ្ងៃទី១ ខែតុលា មក ហើយរដ្ឋមន្ត្រីដឹកជញ្ជូន លោក Sean Duffy ព្រមានថា ចរាចរណ៍ផ្លូវអាកាសទូទាំងអាមេរិក អាច “យឺតយ៉ាវដល់កម្រិតមិនធ្លាប់មាន” ប្រសិនបើការបិទរដ្ឋាភិបាលនៅតែអូសបន្លាយពេល ចូលទៅក្នុងរដូវកាលបុណ្យ Thanksgiving ដ៏មមាញឹក។
ការយឺតយ៉ាវនៅអាកាសយានដ្ឋាន ៤០កន្លែង ក្នុងចំណោមអាកាសយានដ្ឋានមមាញឹកបំផុតរបស់អាមេរិក បានបន្តជាច្រើនថ្ងៃហើយ ហើយបង្កការរំខានកាន់តែខ្លាំងឡើង។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក FAA កាលពីសប្តាហ៍មុន បានបញ្ជាឱ្យកាត់បន្ថយជើងហោះហើរនៅអាកាសយានដ្ឋាននានា ដែលមមាញឹកបំផុតរបស់ប្រទេស ខណៈបុគ្គលិកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសមួយចំនួនដែលមិនមានប្រាក់ខែ បានឈប់ទៅធ្វើការងារ។
លើសពីនេះ ការពន្យារពេលជើងហោះហើរប្រហែល ៧ពាន់ជើង ក៏ត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យតែមួយថ្ងៃប៉ុណ្ណោះ នេះបើយោងតាមគេហទំព័រតាមដានការរំខានជើងហោះហើរ FlightAware។ ទន្ទឹមនឹងនេះ ជើងហោះហើរជាង ១ពាន់ជើង ត្រូវលុបចោលកាលពីថ្ងៃសុក្រ ហើយច្រើនជាង ១.៥០០ជើង ត្រូវខកខាននៅថ្ងៃសៅរ៍កន្លងទៅ។
កាលពីព្រឹកថ្ងៃអាទិត្យ លោក Duffy បានព្រមានថា ចរាចរណ៍ផ្លូវអាកាសរបស់អាមេរិក អាចកាន់តែចលាចលជាងនេះ ប្រសិនបើការបិទដំណើរការរដ្ឋាភិបាលនៅតែបន្ត។ លោកសង្កត់ធ្ងន់ថា ការកាត់បន្ថយជើងហោះហើរបន្ថែមទៀត – ប្រហែលជា ២០% – ប្រហែលជាត្រូវធ្វឡើងជាចាំបាច់ ជាពិសេសបន្ទាប់ពីបុគ្គលិកមិនទទួលបានប្រាក់ឈ្នួលអស់ ២លើកជាប់ៗគ្នាមកហើយ៕

You might also like