ព្រឹទ្ធាចារ្យគុនខ្មែរ និងអ្នកស្រាវជ្រាវ ជួបគ្នាលើទឹកដីអង្គរ ជជែកគ្នាពីក្បាច់គុនបុរាណខ្មែរ

សៀមរាប៖ «រយៈពេលខ្លី តែមានន័យជ្រាលជ្រៅ»! ព្រឹទ្ធាចារ្យគុនបុរាណខ្មែរ លោក សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់កីឡាជាតិ និងជាអនុប្រធានកីឡាគុនចម្រុះកម្ពុជា បានជួបលោក ភឹង ដារា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា នៅលើទឹកដីអង្គរ ដើម្បីជជែកគ្នាពីក្បាច់គុនបុរាណខ្មែរ។ រយៈពេលខ្លីនៃជំនួបនេះ អ្នកស្រាវជ្រាវ និងអ្នកស្រលាញ់ក្បាច់គុនបុរាណខ្មែរទាំងពីររូប បានទស្សនកិច្ចចម្លាក់ក្បាច់គុន នៅលើជញ្ជាំងប្រាសាទបាយ័ន នាព្រឹកថ្ងៃទី១០ វិច្ឆិកា។
លោក សេង ប៊ុនសុង ដែលបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើចម្លាក់ក្បាច់គុននៅតាមជញ្ជាំងប្រាសាទបាយ័ន បានបង្ហាញមោទកភាពថា ក្បាច់គុនខ្មែរ មានដើមកំណើតច្បាស់លាស់ ដោយមិនបានលួចចម្លងពីប្រទេសដទៃឡើយ។ តាមរយៈរូបចម្លាក់លើប្រាសាទទាំងនេះ បានធ្វើឱ្យលោក ប៊ុនសុង កាន់តែច្បាស់ក្នុងចិត្តទៀតថា ដូនតាខ្មែរ មានចំណេះជំនាញក្បាច់គុន រាប់ពាន់ឆ្នាំមកហើយ។ ព្រឹទ្ធាចារ្យ ដែលមានជំនាញក្បាច់គុនចម្រុះចំនួន៩យុទ្ធគុនជាប់ខ្លួនរូបនេះ បានសង្កត់ធ្ងន់ថា ក្បាច់គុន និងស្នៀតប្រយុទ្ធបរទេស ដែលបានហូរចូលមកស្រុកខ្មែរបច្ចុប្បន្ននេះ គឺមានស្នៀតវាយបំបាក់ សម្លាប់ និងទប់ទល់គូរប្រកួតដូចនឹងក្បាច់គុនបុរាណខ្មែរដែរ ប៉ុន្តែគ្រាន់តែការហៅឈ្មោះខុសគ្នា ទៅតាមតំបន់ក្នុងប្រទេសនីមួយៗប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ព្រឹទ្ធាចារ្យក្បាច់គុន មានជំនាញច្បាស់លាស់រូបនេះ បានសម្ដែងបង្ហាញស្នៀតឃ្នាប កៀប ចំបាប់ បោក និងរបៀបដោះស្រាយការឃ្នាប និងកៀប នៅពេលប្រកួតជាមួយគូបដិបក្ខទៀតផង។ ជំនួបរយៈពេលជាងមួយម៉ោង នាទឹកដីអង្គរ ពិតជាឱកាសដ៏សែនមនោរម្យ ដែលបានជំរុញឱ្យព្រឹទ្ធាចារ្យក្បាច់គុន និងអ្នកស្រាវជ្រាវ បានជួបគ្នា ក្នុងទិសដៅអភិរក្សវប្បធម៌ក្បាច់គុនបុរាណខ្មែររួមគ្នា។
គួរជម្រាបជូនថា ក្រៅពីប្រាសាទនានា រូបចម្លាក់ក្បាច់គុន និងរូបចម្លាក់ផ្សេងៗទៀតលើទឹកដីអង្គរ ក៏ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ រូបចម្លាក់ទាំងនេះ ឈររៀបរាប់រឿងរ៉ាវដល់ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាប្រាសាទលើទឹកដីអច្ឆរិយៈនេះ។
You might also like