នគរបាលស្រាវជ្រាវបង្ក្រាបជនសង្ស័យ ម្នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ឪពុកខ្លួនឯង

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងធ្វើការបង្ក្រាបជនសង្ស័យពាក់ព័ន្ធនឹងករណីឃាតកម្មចំនួន០១នាក់ ជនសង្ស័យមានឈ្មោះ បៀង អំណត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅរស់នៅភូមិប៉ាហ៉ីជេីង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

អំពីរឿងហេតុ៖ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទី ជនសង្ស័យកំពុងដេកអង្រឹងក្រោមផ្ទះ ជនរងគ្រោះជាឪពុកអង្គុយក្រោមដើមអំពិលខាងមុខផ្ទះ ភ្លាមនោះជនសង្ស័យបានស្រែកជេរគេជេរឯងពេញផ្ទះ ស្រាប់តែជនរងគ្រោះទៅប្រាប់ថាកូនកុំស្រែកឡូឡាជេរចឹង ព្រោះឪពុកកំពុងឈឺផង តែជនសង្ស័យស្រែកជេរឪពុកទៀត ឪពុកខឹងបានទះជនសង្ស័យមួយដៃ ក៏ជនសង្ស័យទះវិញបណ្តាលឱ្យដួល ជនសង្ស័យបានទាញចបវាយមកលើឪពុកចំចំណុចថ្ងាសចំនួន១ចប បណ្តាលឱ្យស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់។

ក្រោយពីធ្វើការស៊ើបអង្កេតស្រាវជ្រាវ អស់រយៈពេល២យប់/២ថ្ងៃ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៨:០០នាទី កម្មាំងនគរបាលបាន ឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចក្នុងព្រៃខាងកើតអូរប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាតាមនីតិវិធីច្បាប់៕

You might also like