រដ្ឋមន្រ្តីការបរទេសចិន ៖ ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេច ដើម្បីបន្តការធ្វើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឡើងវិញ ជាមួយកាណាដា

(ប៉េកាំង)៖ នាថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន Xinhua បានរាយការណ៍ថា រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានប្រាប់ទៅកាន់សមភាគីកាណាដាថា ប្រទេសចិនមានឆន្ទៈបន្តឡើងវិញ នូវការធ្វើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យផ្សេងៗ ជាមួយទីក្រុងអូតាវ៉ា។
បើតាម Xinhua លោករដ្ឋមន្រ្តីការបរទេសចិន បាននិយាយថា ចិនមានឆន្ទៈពង្រឹងការទាក់ទងជាមួយកាណាដា ហើយលោកបន្តថា ស្ថាប័នការទូត ពាណិជ្ជកម្ម និងផ្នែកដទៃទៀតរបស់ប្រទេសទាំងពីរ អាចរួមគ្នាបង្កើនកិច្ចសហការ និងដោះស្រាយដោយត្រឹមត្រូវ នូវក្តីកង្វល់រៀងខ្លួនៗរបស់ពួកគេ។
គួរបញ្ជាក់ថា លោក Wang បានលើកឡើងដូចខាងលើ អំឡុងកិច្ចសន្ទនាតាមទូរសព្ទជាមួយ រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី Anita Anand ដែលកើតមានឡើង ក្រោយជំនួបរវាងប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងនាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney នៅក្រៅកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែតុលា។ លោក Wang ក៏បានបន្ថែមផងដែរថា ជំនួបរវាងមេដឹកនាំទាំងពីរ គូសរំលេចនូវការវិលត្រឡប់នៃទំនាក់ទំនងទ្វេភាគី ទៅរកគន្លងផ្លូវត្រឹមត្រូវវិញ ក្រោយរងភាពរកាំរកូសអស់ជាច្រើនឆ្នាំ៕

You might also like