ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាផ្លូវបេតុងបន្តបន្ទាប់ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាព របស់ពលរដ្ឋនៅមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្ដើមស្ថាបនាផ្លូវចាក់បេតុង ចំនួន១ខ្សែប្រជាង ១ពាន់ម៉ែត្រ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាចំណែកក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ។
ដោយផ្លូវបេតុង១ខ្សែនេះ ចែកចេញជា២កំណាត់ ដែលមានទទឹង៦ម៉ែត្រ កម្រាស២តឹក រួមជាមួយនឹងការដាក់លូមូល ដោយផ្លូវ១កំណាត់ធ្វើនៅភូមិក្រោលគោ និងមួយកំណាត់ទៀតនៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលស្ថាបនាដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ទោ សោម សុដេត ។
ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សម្ពោធបើកការដ្ឋានស្ថាបនាផ្លូវបេតុង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើន ដោយបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដែលកំណត់អាទិភាពគន្លឹះ៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។
ឯកឧត្តមបណ្ឌិតបន្តថា ទន្ទឹមនេះ ក្រសួងអភិវឌ្ឍន៍ជនបទកំពុងពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗ គឺទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង, ទី២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ តាមរយៈជំរុញអត្រាគ្របដណ្ដប់ នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០%, ទី៣. ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ តាមរយៈការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ដែលជាការអភិវឌ្ឍភូមិចម្រុះឱ្យប្រែក្លាយទៅជាភូមិគំរូ, ទី៤. លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត និងទី៥. ការពង្រឹងស្ថាប័ន និងកិច្ចការតាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំនូវសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ។
ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវ ដល់ប្រជាពលរដ្ឋសូមជួយសម្របសម្រួល ក្នុងការស្ថាបនាផ្លូវនេះ ឲ្យបានចប់តាមផែនការ ជាមួយនឹងការសូមយោគយល់ ពីការស្ថាបនានេះ នៅពេលមានការរំខានណាមួយ ។
អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងឃុំសំបួរមាស បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុង ក្នុងមូលដ្ឋានរបស់ពួកគេ ដែលការអភិវឌ្ឍន៍នេះ គឺត្រូវចំចំណុចត្រូវការជាចាំបាច់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច ជាមួយនឹងការប្ដេជ្ញាចូលរួមធ្វើយ៉ាងណាឲ្យផ្លូវនេះ ដំណើរការស្ថាបនាដោយរលូន និងឆាប់បានប្រើប្រាស់ ដើម្បីធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗបានស្រួល សុវត្ថិភាព និងឆាប់រហ័ស ៕



