អនុទីន ប្រហែលចង់សាកជាមួយលោក ត្រាំ ទើបហ៊ានគំរាម ឈប់រកស៊ីជាមួយអាមេរិក

នាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល ប្រហែលចង់សាកជាមួយប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ ហើយ តាមរយៈការគំរាមឈប់រកស៊ីជាមួយអាមេរិក បើហ៊ានដាក់ពន្ធរឹតតែខ្លាំង ក្រោយទីក្រុងបាងកក ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។

តាមការផ្សាយរបស់ Bangkok Post, លោកអនុទីន ប្រកាសនៅឯមហាវិទ្យាល័យការពារជាតិក្នុងទីក្រុងបាងកកកាលពីថ្ងៃពុធទី១២ខែវិច្ឆិកាឆ្នាំ២០២៥ថា ថែនឹងស្វែងរកដៃគូធ្វើពាណិជ្ជកម្មជំនួសអាមេរិក បើទីក្រុងវ៉ាស៊ីនតោន យកពន្ធលើសនេះទៀត។ លោកក៏ប្រាប់ទៅរដ្ឋាភិបាលទីក្រុងបាងកកផងដែរថា ទុករឿងពន្ធនៅមួយឡែកសិនទៅ ត្រូវគិតរឿងជាតិនិងប្រយោជន៍ពលរដ្ឋជាមុនសិន។
យ៉ាងណា មកទល់ពេលនេះ មិនទាន់មានប្រតិកម្មណាមួយពីសំណាក់មេដឹកនាំមហាអំណាចផុតលេខអាមេរិក ដូណាល់ ត្រាំ តបទៅការព្រមានរបស់នាយករដ្ឋមន្ត្រីថៃនោះទេ ប៉ុន្តែសម្តីនេះប្រហែលលោកត្រាំបានជ្រាបរួចហើយ។
ទោះបែបនេះក្តី នៅថ្ងៃដដែលនោះ អតីតឧបការីក្រសួងការបរទេសថៃ Russ Chaleejandra បានរិះគន់ អនុទីន ចំពោះការថ្លែងដែលបង្កជម្លោះលើវិធានការពន្ធរបស់អាមេរិក ដោយលោកលើកឡើងថា សម្ដីបែបនេះប្រថុយនឹងការធ្វើឲ្យថៃឯកោពីសម្ព័ន្ធមិត្តដ៏សំខាន់ ហើយអាចផ្តល់ផលប្រយោជន៍ដល់កម្ពុជាទៅវិញ។
លោក Russ និយាយថា សម្ដីអនុទីន អាចប៉ះពាល់ដល់ទំនាក់ទំនងថៃ-អាមេរិក ហើយអាចជួយពង្រឹងទំនាក់ទំនងរវាងកម្ពុជា ជាមួយទីក្រុងវ៉ាស៊ីនតោនដោយអចេតនា។ លោករៀបរាប់ថា «ភាគីដែលនឹងទទួលបានផលប្រយោជន៍ច្រើនជាងគេពីសម្ដីទាំងនេះ គឺកម្ពុជា។ វាធ្វើឲ្យថៃឯកោពីសម្ព័ន្ធមិត្តមហាអំណាចពិភពលោក ហើយជំរុញកម្ពុជាឲ្យកាន់តែកៀកជាមួយសហរដ្ឋអាមេរិក»។
លោកក៏ព្រមានផងដែរថា ប្រជាជនថៃអាចប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ច ប្រសិនបើសហរដ្ឋអាមេរិកឆ្លើយតបដោយសកម្មភាពពន្ធសងសឹក។ លោកចោទសួរថា «តើនាយករដ្ឋមន្ត្រីត្រៀមខ្លួនទទួលខុសត្រូវឬទេ ប្រសិនបើជីវភាពរបស់ប្រជាជនរងផលប៉ះពាល់?»៕

You might also like