ក្រុមហាម៉ាស អះអាងថាបានបញ្ចប់ដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងឈប់បាញ់ ហ្កាហ្សាហើយ

មន្ត្រីជាន់ខ្ពស់ហាម៉ាសម្នាក់បានអះអាងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ថា ក្រុមនេះបានបញ្ចប់ដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែលហើយ ខណៈដំណាក់កាលទីពីរ និងការគ្រប់គ្រងនាពេលអនាគតរបស់ហ្កាហ្សានៅតែមិនច្បាស់លាស់ស្របពេលភាពតានតឹងលើបញ្ហាជាច្រើននៅតែបន្ត។
ចាប់តាំងពីដំណាក់កាលទីមួយនៃបទឈប់បាញ់នៅហ្កាហ្សាចូលជាធរមាននៅថ្ងៃទី ១០ ខែតុលា វឌ្ឍនភាពត្រូវបានធ្វើឡើងក្នុងការផ្ទេរសាកសពចំណាប់ខ្មាំង ការផ្អាកប្រតិបត្តិការយោធាអ៊ីស្រាអែលទ្រង់ទ្រាយធំ និងបញ្ហាផ្សេងៗទៀត។
មន្ត្រីជាន់ខ្ពស់ហាម៉ាសលោក Osama Hamdan បានហៅកិច្ចព្រមព្រៀងឈប់បាញ់ដែលទើបសម្រេចបានថ្មីៗនេះជាមួយអ៊ីស្រាអែលថាគ្រាន់តែជាកិច្ចព្រមព្រៀងបឋម មិនមែនជាការដោះស្រាយដ៏ទូលំទូលាយ ឬចុងក្រោយនោះទេ ដោយនិយាយថាក្រុមហាម៉ាសបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមដំណាក់កាលទីមួយ។
លោក Hamdan បានព្រមានថា ការគំរាមកំហែងដ៏ធំបំផុតឥឡូវនេះបានមកពីអ្វីដែលហៅថា ចក្ខុវិស័យ “អ៊ីស្រាអែលកាន់តែអស្ចារ្យ” របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលលោកបាននិយាយថាបង្កគ្រោះថ្នាក់យ៉ាងជ្រៅ និងយូរអង្វែងដល់ស្ថិរភាពក្នុងតំបន់។
អ្វីដែលហៅថា “អ៊ីស្រាអែលកាន់តែអស្ចារ្យ” សំដៅទៅលើចក្ខុវិស័យពង្រីកខ្លួន ដែលទាមទារមិនត្រឹមតែតំបន់ West Bank និង Gaza ដែលខ្លួនកាន់កាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្នែកខ្លះនៃប្រទេសលីបង់ ស៊ីរី អេហ្ស៊ីប និងហ្ស៊កដានី ជាផែនទីភូមិសាស្ត្រនយោបាយដែលលាតសន្ធឹងហួសពីព្រំដែនអ៊ីស្រាអែលទៅទៀត៕

You might also like