មនុស្សជាច្រើននាក់របួស ខណៈរុស្ស៊ី សន្ធាប់ដ្រូនរាប់រយគ្រឿងលើដែនអាកាសរបស់រដ្ឋធានីអ៊ុយក្រែន

ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំមួយផ្សេងទៀត លើទីក្រុងគីវ នៅព្រឹកព្រលឹមថ្ងៃសុក្រ (១៤ វិច្ឆិកា) នេះ ដោយបានវាយសន្ធាប់លើអគារលំនៅដ្ឋាន បង្កការផ្ទុះដ៏ខ្លាំងក្លានិងអគ្គិភ័យ នៅតាមស្រុកនានាទូទាំងរដ្ឋធានីអ៊ុយក្រែន។

ក្រុមមន្ត្រីរាយការណ៍ថា មនុស្សយ៉ាងតិច ១៤នាក់ បានរងរបួសនៅទូទាំងទីក្រុង ក្នុងការវាយប្រហារដោយដ្រូន និងមីស៊ីលរាប់រយគ្រឿង។ អភិបាលក្រុងគីវ លោក Vitali Klitschko បាននិយាយថា សរុបមកទល់ពេលនេះ អគារពហុជាន់យ៉ាងតិច ១១ខ្នង ត្រូវបានវាយប្រហារពេញមួយយប់លើរដ្ឋធានី។

ក្រុមមន្ត្រីបានឱ្យដឹងថា ការធ្លាក់កម្ទេចកម្ទី និងអគ្គិភ័យ បានបំផ្លាញអគារផ្ទះល្វែងខ្ពស់ៗ សាលារៀន កន្លែងព្យាបាល និងអគាររដ្ឋបាលក្នុងតំបន់ជាច្រើន ដែលនៅរាយប៉ាយពាសពេញទីក្រុងគីវ ដែលមានមនុស្សប្រមាណ ៣លាននាក់ រស់នៅ។

ចាប់តាំងពីប្រតិបត្តិការយោធាពិសេសរបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ២០២២មក រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំជាប្រចាំលើទីក្រុងនានារបស់អ៊ុយក្រែន។ ក្នុងប៉ុន្មានខែថ្មីៗនេះ ទីក្រុងមូស្គូក៏បានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្នុងការប៉ុនប៉ងឱ្យអ៊ុយក្រែន ធ្លាក់ចូលទៅក្នុងរដូវរងាដ៏អាក្រក់មួយផ្សេងទៀត៕

You might also like