មេស៊ីម៉ាក់កម្ពុជាលោក ហេង រតនា ផ្ញើសារទៅភាគីថៃ ៖ «បោកប្រាស់ចិត្តរាស្ត្រ ខ្លួនឯង ឱ្យក្រែងចិត្តរាស្ត្រដទៃផង»

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) តាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានផ្ញើសារទៅភាគីថៃថា «បោកប្រាស់ចិត្តរាស្ត្រ ខ្លួនឯង ឱ្យក្រែងចិត្តរាស្ត្រដទៃផង! ជាន់ផ្ទុះគ្រាប់មីន អាងបង្កសង្គ្រាមឈ្លានពាន អាងហែកចោលកិច្ចព្រមព្រៀងសន្តិភាព!»។
លោកចង់បង្ហាញជាឧទាហរណ៍ជាក់ស្តែងខ្លីៗពីទង្វេីគ្មានការអៀនខ្មាស់មួយចំនួន៖
១. ផ្ទុះគ្រាប់មីន អាងចោទប្រកាន់កម្ពុជាលួចដាក់មីនថ្មី ៖ ឈរលេីភាពជាក់ស្តែងការផ្ទុះគ្រាប់មីនចាស់ ឬគ្រាប់មីនដាក់ថ្មីជាបញ្ហាមួយហេីយ ប៉ុន្តែបញ្ហាសំខាន់ជាងនោះ តេីការផ្ទុះគ្រាប់មីននោះនៅបូរណភាពទឹកដីរបស់អ្នកណា? តេីអ្វីជាមូលហេតុពិតប្រាកដ នៃបញ្ហា ដោយការផ្ទុះគ្រាប់មីន ឬការឈ្លានពានទឹកដីចូលក្នុងចម្ការមីនសំណល់សង្គ្រាមរបស់កម្ពុជា?
២. គ្រាប់បែកចង្កោមប្រភេទ M85 របស់ថៃ សំណល់សង្គ្រាម ផ្ទុះស្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ និងឪពុករងរបួសជាទម្ងន់ កាលពីថ្ងៃទី២៥ ខែតុលា ក៏ចោទថាខ្មែរបន្លំលាបពណ៌ថៃ ដោយសំអាងថា គ្រាប់បែកចង្កោមថៃបាញ់មកផ្ទុះទាំងអស់ ដោយបកស្រាយថា គ្រាប់បែកចង្កោមទាំងនោះកំណត់ផ្ទុះកម្ទេចដោយខ្លួនឯង self destruction គ្មានគ្រាប់បែកចង្កោមនៅសល់ទេ!! កម្ពុជា បានរក្សាទុកភស្តុតាងគ្រាប់បែកចង្កោមថៃបាញ់នោះ មួយចំនួនជូនដេីម្បីពិនិត្យជាក់ស្តែង ប្រសិនជាចង់ឃេីញពិតប្រាកដ។
៣. ទាហានថៃបាញ់ប្រហារលេីជនសុីវិលជាប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ មានម្នាក់ស្លាប់និងរងរបួសចំនួន៣ ថៃមិនត្រឹមតែប្រកែកថាមិនបានបាញ់ទេ ប៉ុន្តែថែមទាំងចោទថាកងទ័ពកម្ពុជាជាអ្នកបាញ់ប្រជាពលរដ្ឋខ្លួនឯង និងចោទថាអ្នកស្លាប់នោះ ជាការស្លាប់ក្លែងក្លាយ (Cambodian Fake Death!)។ ឥឡូវក្រសួងមហាផ្ទៃបានស៊េីបអង្កេត និងមានភស្តុតាងគ្រប់គ្រាន់ មនុស្សស្លាប់និងរងរបួសដោយត្រូវគ្រប់បាញ់ប្រហារ របស់ថៃ មិនក្លែងបន្លំមនុស្សស្លាប់និងរងរបួសស្អីនោះទេ!!
សង្គមសុីវិល័យ និងសម័យឌីយីថល យុទ្ធសាស្ត្រប្រែនិងលាបពណ៌បែបនេះ អាចរងនូវភាពអាម៉ាស់មិនខានឡេីយ៕

You might also like