រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីប្រកាសសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានភាពចូលរួមជាង២០០នាក់ផងដែរ។
យោងតាមសេចក្តីសម្រេចរបស់សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ត្រូវបានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ផ្តល់នូវសេចក្តីទុកចិត្ត និងជឿជាក់ប្រគល់ភារកិច្ច ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តឧត្តរមានជ័យ។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្ដរមានជ័យ បានធ្វើការប្តេជ្ញាគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសគោលការណ៍ និងសេចក្តី សម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាទូទាំងប្រទេស។ ប្តេជ្ញាអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ប្រធានព្រឹទ្ធសភា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងឱកាសប្រារព្ធពិធីបើកមហាសន្និបាតវិសាមញ្ញ តំណាងសមាគម អតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា។
មានប្រសាសន៍ក្នុងពិធីប្រកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ប្រធានព្រឹទ្ធសភា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយក្ដីនឹករលឹកបំផុត។
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់គិតគូរចំពោះ ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនរហូតដល់សព្វថ្ងៃ។
ក្នុងឱកាសនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរដល់ មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការក្រុង-ស្រុក និងរដ្ឋបាលក្រុង-ស្រុកទាំងអស់នៅទូទាំងខេត្តឧត្ដរមានជ័យ ដែលបានយកចិត្តទុកដាក់មើលថែអតីតយុទ្ធជននៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។
បន្ថែមពីលើនេះឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរនិងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយ ចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ៕



