សារព័ត៌មានថៃ យករូបកែដោយ Ai ទៅផ្សាយបោកប្រាស់ពលរដ្ឋខ្លួន និងពិភពលោក
សារព័ត៌មានថៃ ខិតខំផ្សាយព័ត៌មានក្លែងក្លាយបោកប្រាស់ពលរដ្ឋខ្លួននិងពិភពលោក ក្នុងពេលមានភាពតានតឹងព្រំដែនជាមួយកម្ពុជា។
ជាក់ស្តែង រឿងរ៉ាវកើតឡើងថ្មីបំផុត គឺសារព័ត៌មានថៃមួយ បានយករូបភាពអ្នករបួសកម្ពុជាដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ហើយរូបនោះកែដោយ Ai ទៅផ្សាយបោកប្រាស់ពិភពលោកជាថ្មី។
ក្នុងសារព័ត៌មានថៃនោះ បានសរសេរចំណងជើងថា ទាហានកម្ពុជា ដែលថាមានរបួសធ្ងន់បែរជាសើចក្នុងបន្ទប់ ICU ទៅវិញ។ លើសពីនេះ ក្នុងខ្លឹមសារអត្ថបទដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកាឆ្នាំ២០២៥នោះ សារព័ត៌មានដដែល បានដកស្រង់ប្រភពពីទំព័រ Facebook របស់កងទ័ពថៃ ដោយដាក់ការចោទប្រកាន់កម្ពុជាថា ភូតកុហកនិងសម្តែងល្ខោន។
ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ផ្ដល់មេរៀនដល់អ្នកនាំពាក្យយោធាថៃឲ្យមានវិជ្ជាជីវៈ និងការទទួលខុសត្រូវ ពោលគឺត្រូវផ្ទៀងផ្ទាត់ព័ត៌មានមុនពេលនិយាយ។
សូមជម្រាបថា តាំងពីភាពតានតឹងផ្ទុះឡើងកាលពីខែកក្កដាមក មន្ត្រីថៃតែលាបពណ៌កម្ពុជា ជាពិសេសសារព័ត៌មានថៃ ដែលក្បត់វិជ្ជាជីវៈសុខចិត្តផ្សាយព័ត៌មានក្លែងក្លាយដើម្បីបម្រើមហិច្ឆតាស្រេកឃ្លានសង្គ្រាមរបស់ថ្នាក់ដឹកនាំរបស់ខ្លួន៕



