រាជធានីភ្នំពេញ រៀបចំពិធីអបអរទិវាអនាម័យបរិស្ថានជាតិក្រោមប្រធាបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ»
ភ្នំពេញ ៖ សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ បានរៀបចំពិធីអបរអសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ»។ពិធីនេះរៀបចំឡើង នៅសួនច្បារវត្តបទុមវតី ក្រោមអធិបតីភាពឯកឧត្តម ហួត ហៃ អភិបាលរង និងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ តំណាងក្រុមហ៊ុនប្រមូលសំរាម និងប្រជាពលរដ្ឋជាដើម។
នៅក្នុងអង្គពិធីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ទិវាអនាម័យបរិស្ថានជាតិ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យបានស្អាត ហើយបច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានចូលរួមថែរក្សាអនាម័យបរិស្ថាន និងយល់ដឹងពីរបៀបទុកដាក់សំរាមបានត្រឹមត្រូវ។
ប្រជាពលរដ្ឋ និងយុវជន បានបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមចំណែកលើកកម្ពស់សោភ័ណបរិស្ថានតាមរយៈការចូលរួមក្នុងពិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិនៅថ្ងៃនេះ។ ប្រជាពលរដ្ឋ និងយុវជន បានបន្តថា បរិស្ថានស្អាត ធ្វើឱ្យការរស់នៅមានផាសុខភាព និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសជាកម្ពុជា ម្លោះហើយពួកគេប្តេជ្ញាចូលរួមថែរក្សាបរិស្ថានឱ្យបានស្អាត។
គួររំលឹកដែរថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ក្នុងគោលបំណង ចលនាឱ្យប្រជាពលរដ្ឋ ព្រះសង្ឈ កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្ស ឱ្យចូលរួមធ្វើអនាម័យកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ និងសហគ្រាសជាដើមនោះ សំដៅរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត និងមានភាពស្រស់បំព្រង៕






