ប្រជាពលរដ្ឋខ្មែររស់នៅក្នុងរដ្ឋធានីវ៉ែល្លីង ប្រទេសនូវ៉ែលហ្សេឡង់ ជួបជុំគ្នានៅមុខរដ្ឋសភារដ្ឋធានីវ៉ែល្លីងតុន ដើម្បីប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបាញ់ប្រហារបង្កដោយភាគីថៃ មកលើពលរដ្ឋស្លូតត្រង់ខ្មែរ
(រដ្ឋធានីវ៉ែល្លីងតុន ប្រទេសនូវ៉ែលហ្សេឡង់) រសៀលថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងរដ្ឋធានីវ៉ែល្លីងតុន ទីក្រុងក្រៃឈើច ទីក្រុងផាមើស្តុនណតស៍ ប្រទេសនូវ៉ែលហ្សេឡង់ ប្រមាណជាង ២០០នាក់ បានជួបជុំគ្នានៅមុខរដ្ឋសភារដ្ឋធានីវ៉ែល្លីងតុន ប្រទេសនូវ៉ែលហ្សេឡង់ ដើម្បីប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបាញ់ប្រហារបង្កដោយភាគីថៃ មកលើពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត និង៣នាក់រងរបួស និងដើម្បី៖
១. ទាមទារឱ្យមានការដោះលែងជាបន្ទាន់នូវទាហានរបស់កម្ពុជាចំចំនួន ១៨ នាក់ ដែលកំពុងត្រូវបានឃុំខ្លួនដោយប្រទេសថៃ។
២. ថ្កោលទោសការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ របស់ប្រទេសថៃ និងអំពាវនាវឱ្យមានការទទួលខុសត្រូវចំពោះការរំលោភនេះ។
៣. ទទូចឱ្យប្រទេសថៃគោរព និងអនុវត្តយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តដែលបានគូសបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព។
៤. សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់គាត់ក្នុងការលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធី ដែលផ្តល់ឱ្យយើងនូវក្តីសង្ឃឹមសម្រាប់អនាគតដ៏យុត្តិធម៌ និងមានសុវត្ថិភាពជាងមុន៕



