អ៊ុយក្រែន កំពុងប្រឹងប្រែងដើម្បីបន្តការដោះដូរឈ្លើយសឹក ១.២០០នាក់ ជាមួយរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងប្រធានក្រុមប្រឹក្សាសន្តិសុខរបស់លោក បាននិយាយនៅថ្ងៃអាទិត្យ (១៦ វិច្ឆិកា) នេះថា ប្រទេសអ៊ុយក្រែន កំពុងធ្វើការដើម្បីបន្តការផ្លាស់ប្តូរឈ្លើយសឹកជាមួយរុស្ស៊ី ដោយសង្ឃឹមថានឹងមានការដោះលែងជនជាតិអ៊ុយក្រែនចំនួន ១.២០០នាក់។
ក្នុងឃ្លីបវីដេអូមួយដែលបង្ហោះលើកម្មវិធីផ្ញើសារតេលេក្រាមនៅថ្ងៃអាទិត្យនេះ លោក Zelenskyy បាននិយាយថា៖ “អ៊ុយក្រែនកំពុងសង្ឃឹមថា អាចមានការបន្តផ្លាស់ប្តូរឈ្លើយសឹក។ ឥឡូវនេះ ការជួបប្រជុំ កិច្ចចរចា និងជំនួបទូរសព្ទជាច្រើន ត្រូវបានធ្វើឡើងចំពោះបញ្ហានេះ”។
ជាមួយគ្នានេះ ប្រធានសន្តិសុខអ៊ុយក្រែន លោក Rustem Umerov កាលពីថ្ងៃសៅរ៍ បាននិយាយថា៖ «លោកបានធ្វើការពិគ្រោះយោបល់នៅទួរគី និងអារ៉ាប់រួម ដោយមានការគាំទ្រពីដៃគូទីក្រុងគីវ ស្តីពីការបន្តដំណើរការផ្លាស់ប្តូរឈ្លើយសឹក។ ជាលទ្ធផលនៃការចរចាទាំងនេះ ភាគីទាំងអស់បានយល់ព្រមត្រឡប់ទៅកិច្ចព្រមព្រៀងក្រុងអ៊ីស្តង់ប៊ុលវិញ»។ ក្នុងសេចក្តីថ្លែងការណ៍លើតេលេក្រាម លោក Umerov បាននិយាយថា “ចំណុចនេះទាក់ទងនឹងការដោះលែងជនជាតិអ៊ុយក្រែន ១.២០០នាក់”។
គួរឱ្យដឹងថា កិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល គឺជាអនុសារណៈយោគយល់គ្នានៃការផ្លាស់ប្តូរឈ្លើយសឹក ដែលសម្របសម្រួលដោយទួរគី ក្នុងឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះកំណត់ច្បាប់សម្រាប់ការដោះដូរ ដែលមានការសម្របសម្រួល និងទ្រង់ទ្រាយធំ រវាងរុស្ស៊ី និងអ៊ុយក្រែន។ តាំងពីពេលនោះមក ភាគីទាំងពីរបានដោះដូរឈ្លើយសឹករាប់ពាន់នាក់ ប៉ុន្តែដំណើរការនេះ ជារឿយៗត្រូវរំខានដោយសង្គ្រាម៕



