បុរសម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯងហើយ
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯងហើយត្រូវរថយន្តប្រភេទដឹកទំនិញបើកលឿនបញ្ច្រាសផ្លូវបុកចំពីមុខយ៉ាងពេញទំហឹង ក្រោយកើតហេតុតៃកុងរថយន្តបានទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។
ករណីរថយន្តបុកម៉ូតូបញ្ច្រាសទិសបណ្តាលឱ្យបុរសម្នាក់ស្លាប់បានកើតឡើងកាលពីវេលាម៉ោង៤ និង ៣០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១១៦ទៅលេខ១១៧ ត្រង់ចំណុចភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
នៅមុនពេលកើតហេតុមានរថយន្ត ០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ( HYUNDAI ) ពណ៌ខៀវចាស់ ពាក់ផ្លាកលេខ ភ្នំពេញ2BC-7802 មិនស្គាល់អត្តសញ្ញាណអ្នកបើក បរនោះទេ ( បានរត់គេចខ្លួនក្រោយពេលកើតហេតុរួច ) បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ពីទិសខាង លិចទៅទិសខាងកើត ។ លុះធ្វើដំណើរមកដល់ចំណុចខាងលើ បានឆ្លងគន្លងទ្រូងផ្លូវជ្រុលទៅបុកពីមុខម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥ (HONDA DREAM 125CC ) ពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល 1J- 0769 អ្នកបើកបរឈ្មោះ សឿង ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ ( មិនពាក់មួកសុវត្ថិភាពនោះទេបានបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ) រស់នៅក្នុងភូមិថ្នល់ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែង និងបានប្រគល់សពជនរងគ្រោះ ជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
មន្ត្រីនគរបាលស្រុកថ្ពងបានបញ្ជាក់ថា ចំពោះវត្ថុតាងទាំង០២គ្រឿង ខាងលើនគរបាលជំនាញបានយកទៅរក្សាទុកនៅ ប៉ុស្តិ៍នគបាលរដ្ឋបាលឃុំមនោរម្យ នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕



