មន្ត្រីថៃ ស្រូតរូតរះទៅពិនិត្យទំនប់ Bhumibol ព្រោះភ័យបាក់ធ្លាយ ក្រោយរញ្ជួយដី
ក្រុមអ្នកជំនាញនិងមន្ត្រីថៃ ស្រូតរូតរះនាំគ្នាទៅពិនិត្យទំនប់ Bhumibol ក្នុងខេត្ត Tak ព្រោះរញ្ជួយដីនៅក្បែរទំនប់ យ៉ាងណាក្រោយមកពួកគេប្រាប់ពលរដ្ឋឲ្យស្ងប់ចិត្តកុំភ័យ រញ្ជួយដីមិនមានអ្វីប៉ះពាល់ដល់ទំនប់ទេ។
តាមការផ្សាយរបស់ Pattaya Mail, រញ្ជួយដីកម្រិត៣.២រ៉ិចទ័រជាមួយជម្រៅរាក់ត្រឹម១គីឡូម៉ែត្រ បានវាយប្រហារឃុំ Ban Na ស្រុក Sam Ngao ដែលមានចំណុចកណ្តាលចម្ងាយ ៤៨.៨១ គីឡូម៉ែត្រពីទំនប់ Bhumibol។ រញ្ជួយដីនេះធ្វើឲ្យពលរដ្ឋភ័យខ្លាចបាក់ទំនប់ព្រោះវាស្ថិតនៅកៀក ហើយទំនប់នោះកំពុងតែមានហានិភ័យធ្លាយស្រាប់ផង ដោយសារតែស្តុកទឹកជិតដល់កម្រិតទៅហើយ។ យ៉ាងណា មន្ត្រីនិងអ្នកជំនាញថៃ បានធានាថា ពួកគេពិនិត្យរួចហើយ រញ្ជួយដីនេះមិនប៉ះពាល់ដល់ទំនប់ទេ សូមពលរដ្ឋស្ងប់ចិត្ត។
សូមជម្រាបថា ទំនប់ Bhumibol មានសមត្ថភាពស្តុកទឹកបាន ១៣ ៤៦២ លានម៉ែត្រគូប ប៉ុន្តែគិតត្រឹមពាក់កណ្តាលខែវិច្ឆិកានេះ វាស្តុកទឹកជិតដល់កម្រិតហើយ ពោលគឺឈានដល់៩៩% ព្រោះតែភ្លៀងធ្លាក់ខ្លាំងឥតឈប់ជាបន្តបន្ទាប់ក្នុងរដូវមូសុង៕






