សិង្ហបុរី រឹបអូសស្នែងរមាសចំនួន៣៥,៧គីឡូក្រាម មានតម្លៃប្រហែល ១ ១៣០ ០០០ ដុល្លារសិង្ហបុរី នៅតាមផ្លូវទៅកាន់ប្រទេសឡាវ
សិង្ហបុរី៖ កាលពីថ្ងៃអង្គារទី១៨វិច្ឆិកា ក្រុមប្រឹក្សាឧទ្យានជាតិសិង្ហបុរី បានបង្ហាញថា ប្រទេសសិង្ហបុរី បានរឹបអូសស្នែងរមាសចំនួន៣៥,៧គីឡូក្រាម មានតម្លៃប្រហែល ១ ១៣០ ០០០ ដុល្លារសិង្ហបុរី (ឬប្រមាណ ៨៦៧ ៤៣០ ដុល្លារអាម៉េរិក) នៅតាមផ្លូវទៅកាន់ប្រទេសឡាវ ជាការរឹបអូសច្រើនបំផុតនៅក្នុងប្រទេសសិង្ហបុរីរហូតមកដល់បច្ចុប្បន្ន។
ស្នែងរមាសចំនួន២០ ក៏ដូចជាសរីរាង្គសត្វផ្សេងទៀតចំនួន១៥០គីឡូក្រាម រួមទាំងឆ្អឹង ធ្មេញ និងក្រញ៉ាំជើង ត្រូវបានរកឃើញនៅក្នុងទំនិញចំនួនបួនដុំ ដែលឆ្ពោះទៅកាន់រដ្ឋធានីវៀងចន្ទន៍នៅថ្ងៃទី៨ ខែវិច្ឆិកា។ នេះ គឺជា ការរឹបអូស ស្នែង រមាស ដ៏ធំបំផុត នៅ ប្រទេស សិង្ហបុរី រហូតមកដល់បច្ចុប្បន្ន ដែលលើសពី ការរឹបអូស ពីមុន ចំនួន៣៤,៧ គីឡូក្រាម ពោលគឺការរឹបអូស ក្នុងខែតុលា ឆ្នាំ២០២២។
ការរឹបអូសដ៏ធំបំផុតកាលពី២០២២ ពាក់ព័ន្ធនឹងការរត់ពន្ធស្នែងរមាសចំនួន២០ ឆ្លងកាត់អាកាសយានដ្ឋាន Changi ដែលក៏មានប្រភពមកពីអាហ្វ្រិកខាងត្បូង និងត្រូវបានឆ្ពោះទៅប្រទេសឡាវ។ ស្នែងទាំងនោះត្រូវបានរកឃើញនៅក្នុងកាបូបរបស់បុរសអាហ្វ្រិកខាងត្បូងម្នាក់ ដែលត្រូវបានចាប់ខ្លួន។
ការស៊ើបអង្កេតបានបង្ហាញថា ស្នែងចំនួន២០ មានប្រភពមកពីអាហ្វ្រិកខាងត្បូង ហើយបានមកពីប្រភេទរមាសស ខណៈការកំណត់អត្តសញ្ញាណប្រភេទសត្វពីផ្នែកសត្វផ្សេងទៀតកំពុងដំណើរការ។ ការស៊ើបអង្កេតបន្ថែមទៀតលើករណីនេះក៏កំពុងដំណើរការផងដែរ។ ស្នែងទាំងនោះនឹងត្រូវបានបំផ្លាញចោល កុំឱ្យវាធ្លាក់ចូលទីផ្សារឡើងវិញ ដើម្បីរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកលនៃស្នែងរមាសដែលត្រូវបានជួញដូរដោយខុសច្បាប់។
សត្វរមាសត្រូវបានការពារក្រោមអនុសញ្ញា ស្តីពីពាណិជ្ជកម្មអន្តរជាតិនៃប្រភេទសត្វ និងរុក្ខជាតិព្រៃជិតផុតពូជ (CITES) ហើយការជួញដូរអន្តរជាតិលើស្នែងរមាសត្រូវបានហាមឃាត់។ សិង្ហបុរីគឺជាប្រទេសចុះហត្ថលេខាលើអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិនៃប្រភេទសត្វ និងរុក្ខជាតិព្រៃជិតផុតពូជ ហើយប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីធានាបាននូវការរស់រានមានជីវិតរយៈពេលវែងរបស់សត្វបែបនេះ៕






