អភិបាលខេត្តកណ្ដាល អំពាវនាវពលរដ្ឋកុំជឿការលួងលោមរបស់មេខ្យល់ ឲ្យយកប្ដីបរទេស ទៅរស់នៅស្រុកក្រៅ ព្រោះនេះជាការបោកប្រាស់ជួញដូរមនុស្សខុសច្បាប់
(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ដែលមានកូនស្រីដល់វ័យរៀបការ សូមកុំចាញ់បោកការលួងលោមរបស់មេខ្យល់ឱ្យសោះថា យកប្ដីជនជាតិបរទេស ហើយបានទៅរស់នៅបរទេស មានអនាគតល្អ មានលុយជាដើម ពីព្រោះចំណុចទាំងនេះ គឺជារឿងបោកប្រាស់តែប៉ុណ្ណោះ និងជាអំពីការជួញដូរមនុស្សដោយខុសច្បាប់របស់កម្ពុជា។
លោកអភិបាលខេត្ត បានអំពាវនាវបែបនេះបានធ្វើឡើងនៅក្នុងពិធីចែកប្លង់ដីជូនប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
អភិបាលខេត្តសង្កត់ធ្ងន់ថា «ពួកដែលមកលួងលោមនោះ សំដីផ្អែមល្ហែម ល្អណាស់ ព្រោះពួកគេចង់បោកកូនពូ មីងទាំងអស់គ្នាយកទៅលក់នៅស្រុកគេ ដោយកុហកថា រៀបការជាមួយប្ដីអ្នកមានទៅនៅស្រុកគេមានអនាគតល្អជាដើម តែតាមពិតមិនបែបនេះទេ វាជាការបោកប្រាស់សុទ្ធសាធ ពួកគេយកមនុស្សទៅលក់ ជាការជួញដូរមនុស្សខុសច្បាប់ ខណៈដែលក្មេងស្រីជាង១០នាក់ហើយ នៅខេត្តកណ្ដាល ដែលទទួលដំណឹងថា បានចាញ់បោកគេចេញទៅក្រៅប្រទេស ហើយបាត់ដំណឹងឈឹង»។
អភិបាលខេត្ត បានកោតសរសើរពីនគរបាលនៅច្រកព្រំដែនកម្ពុជាជ្រៃធំផងដែរ ដែលបាននិងកំពុងអនុវត្តន៍បទបញ្ជាបានយ៉ាងល្អ ខណៈដែលក្មេងស្រីមួយចំនួនត្រូវបានជួយសង្រ្គោះទាន់ពេលវេលាពីការបោកប្រាស់នេះ។ ពួកបោកប្រាស់ លួងលោមឱ្យចេញទៅក្រៅស្រុកគេ តាមរយៈការឆ្លងដែនកាត់ខេត្តកណ្ដាល ទៅប្រទេសជិតខាង ហើយយកទៅលក់តែម្ដង តែនគរបាលយើងធ្វើការបានល្អ ដោយសង្រ្គោះពួកគេទាន់ពេលហើយយកទៅផ្ញើរនៅអង្គការមួយដើម្បីជួយមើលថែរក្សាពួកគេ ។
លោក គួច ចំរើន បានអំពាវនាវបន្ថែមថាពីពេលនេះទៅ សូមប្រជាពលរដ្ឋការពារកូនស្រីឱ្យបានល្អពីការលួងលោមគ្រប់ទម្រង់ ហើយខ្លួនឯងផ្ទាទាល់ក៏មិនត្រូវស្ដាប់ការលួងលោមបង្ខំកូនខ្លួនឯងនោះដែរ ហើយបើសិនឃើញមានករណីមនុស្សណាប្រព្រឹត្ត ការអូសទាញបែបនេះ សូមរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាប ការបោកប្រាស់ការជួញដូរមនុស្សគ្រប់រូបភាព៕






