លោកបណ្ឌិត István Zelnik ជាជនជាតិហុងគ្រី បានប្រគល់វត្ថុសិល្បៈខ្មែរ ជូនមកព្រះរាជាណាចក្រវិញ

នាល្ងាចថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលវត្ថុសិល្បៈខ្មែរ ពីលោកបណ្ឌិត István Zelnik ជាជនជាតិហុងគ្រី ជូនដល់សារមនី្ទរជាតិ បន្ទាប់ពីការចរចា អស់រយៈពេលជាច្រើនឆ្នាំ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ត្រឡប់មកកម្ពុជាវិញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក István Zelnik ស្តីពីការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ ដែលលោក Zelnik កំពុងកាន់កាប់ ជូនមកកម្ពុជាវិញ។
លោក István Zelnik ជាជនជាតិហុងគ្រី និងជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបានប្រមូលវត្ថុសិល្បៈ នៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុសិល្បៈខ្មែរផងដែរអស់រយៈពេលជាច្រើនទសវត្សរ៍។ លោកបានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ ហុងគ្រី (Hungarian Southeast Asian Institute) នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ក្រោមក្របខណ្ឌនៃវិទ្យាស្ថាននេះ ការស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗត្រូវបានអនុវត្តនៅតំបន់អង្គរ និងកោះកេរ ដោយមានការឧបត្ថម្ភថវិកាពីលោក Zelnik រួមទាំងការធ្វើអង្កេតបុរាណវិទ្យា ការស្រាវជ្រាវដោយបច្ចេកវិទ្យា (LiDAR) និងការសិក្សាប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានរួមចំណែកផងដែរដល់ការរៀបចំឯកសារដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក។
ក្នុងចំណោមវត្ថុសិល្បៈខ្មែរសំខាន់ៗ ដែលបានព្រមព្រៀងប្រគល់មកកម្ពុជាវិញនាពេលនេះ មានជាអាទិ៍៖ វាយនភណ្ឌសូត្រខ្មែរចំនួន១៨៣ផ្ទាំង ដែលជាគំរូសូត្រខ្មែរដ៏ល្អពិចិត្រមួយ សម្រាប់សមុច្ច័យវាយនភណ្ឌរបស់សារមន្ទីរជាតិកម្ពុជា និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហៈធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។ ក្នុងនោះដែរ ក៏មានសមុច្ច័យសំខាន់ៗមួយចំនួនទៀតដូចជា វត្ថុធ្វើពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ។
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមនី្ទរជាតិ បានកត់សម្គាល់ថា លោកបណ្ឌិត István Zelnik ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរជាង២០០មុខទៅសារមនី្ទរជាតិកម្ពុជាវិញ ហើយយើងយល់ថាលោកនឹងប្រគល់វត្ថុសំខាន់ៗបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោក Zelnik ដែលបច្ចុប្បន្នលោកមានអាយុជាង៧០ឆ្នាំហើយ ក្នុងការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ជូនមកកម្ពុជាវិញ។ នាពេលកន្លងមក លោក Zelnik ក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរមួយចំនួនជូនមកកម្ពុជាវិញ និងបានចូលរួមវិភាគទាន ដ៏សំខាន់ក្នុងគម្រោងស្រាវជ្រាវបុរាណវិទ្យា និងការបោះពុម្ពស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនផងដែរពាក់ព័ន្ធនឹងបេតិកភណ្ឌវប្បធម៌ សិលាចារឹក និងសិល្បៈខ្មែរសម័យទំនើប។
លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងថា សន្តិភាព និងស្ថិរភាពនយោបាយ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចនាំយកមកវិញនូវព្រលឹងដូនតាខ្មែរ និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងនៃសង្គ្រាមច្រើនទសវត្សរ៍កន្លងទៅនេះ។ ទន្ទឹមនេះ យើងសូមគោរពថ្លែង អំណរគុណជាទីបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលយកចិត្តទុកដាក់ និងគាំទ្រ យ៉ាងពេញទំហឹងចំពោះការការពារ អភិរក្ស និងលើកស្ទួយវប្បធម៌ អារ្យធម៌ជាតិ។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណនិងកោតសរសើរ ដល់ក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេស លោក Bradley J. Gordon នៃ Edenbridge Asia និងសហការី ដែលបានចូលរួមយ៉ាងសកម្ម ជាមួយក្រសួងក្នុងការស្រាវជ្រាវ ស្វែងរក និងចរចាបញ្ជូនសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ទាំងនេះវិលត្រឡប់មក កម្ពុជាវិញ។ ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាវិញដោយស្ម័គ្រចិត្តនេះ គឺជាកាយវិការមួយដែលគួរទុកជាគំរូ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវ និងលើកទឹកចិត្តដល់គ្រប់អ្នកកាន់កាប់សមុច្ច័យឯកជន ក៏ដូចជាស្ថាប័ននានាលើ សាកលលោក ដែលកំពុងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំការក្នុងប្រទេសនីមួយៗ ក្នុងការសម្របសម្រួលប្រគល់សម្បត្តិវប្បធម៌ខ្មែរ ត្រឡប់មកកម្ពុជាវិញ។

រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការប្រកបដោយសុឆន្ទៈនេះ។ ការប្រគល់ សម្បត្តិវប្បធម៌ខ្មែរជូនមកកម្ពុជាវិញដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែក ដ៏ឧត្តុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ៕

You might also like