ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារលើជនត្រូវចោទម្នាក់ ឈ្មោះ មាន សុខន្តី ករណីចេញសែកស្អុយ
(កណ្តាល)៖ លោក ម៉ាង ណុល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន លើជនត្រូវចោទម្នាក់ ឈ្មោះ មាន សុខន្តី ក្នុងករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរ (សែកស្អុយ)។ នេះបើតាមដីការបស់សាលាដំបូងខេត្តកណ្តាល បណ្តាញព័ត៌មាន ទទួលបាន។
តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ ជននេះត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីចេញសែកស្អុយគ្មានប្រាក់ ប្រព្រឹត្តនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ តាមបទបញ្ញាត្តិមាត្រា ២៣១ នៃច្បាប់ ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រត្តិបត្តិការទូទាត់សងប្រាក់។
សូមជម្រាបថា ជនសង្ស័យឈ្មោះ មាន សុខន្តី ភេទប្រុស កើតឆ្នាំ១៩៨៥ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរលក់ដូរ មានទីកន្លែងកំណើតភូមិមិត្តភាព សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និង ទីលំនៅមុនពេលចាប់ខ្លួននៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវជាប់ចោទពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ តាមបទបញ្ញាត្តិមាត្រា ២៣១ នៃច្បាប់ ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រត្តិបត្តិការទូទាត់សងប្រាក់។
បើយោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលខ៖ ១៧៨៥ ដកសស ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ របស់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ មាន សុខន្តី ទៅពន្ធនាគារខេត្តកណ្តាល ដោយអនុវត្តតាមនីតិវិធីច្បាប់ រហូតដល់មានបទបញ្ជាថ្មីសម្រេច៕



